រកឃើញបេក្ខភាព៤នាក់ចុងក្រោយខ្សែក្រវាត់គោជល់ដំណើរឆ្ពោះទៅតាមខេត្ត
កម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដណ្តើរឆ្ពោះទៅតាមខេត្តរដូវកាលទី២បានរកឃើញបេក្ខភាព ៤នាក់ចុងក្រោយដែលត្រូវប្រកួតគ្នាក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដណ្តើមខ្សែក្រវាត់រួមទាំងប្រាក់រង្វាន់៥ពាន់ដុល្លារសហរដ្ឋអាមេរិក ។
កីឡាករទាំង៤រូបដែលបានប្រកួតជម្រុះឈ្នះមកពីមណ្ឌលតាមខេត្តនិងបន្តឈ្នះនៅវគ្គ៨នាក់ចុងក្រោយនៅរាជធានីភ្នំពេញទៀតនោះរួមមាន បឺត សង្ឃឹម , វាន់ វឿន , អេ ណារ័ត្ន និង សេក គឹមសាន្ត ។
មុនឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ បឺត សង្ឃឹម ជាបេក្ខភាពមកពីខេត្តកំពង់ចាមដោយប្រកួតឈ្នះ សៀវ ង៉ុយ និង ឡុង រ៉ាមី , ចំណែក វាន់ វឿន ជាបេក្ខភាពមកពីមណ្ឌលខេត្តបាត់ដំបងប្រកួតឈ្នះ ហេង សុភ័ក្រ និង ស៊ន រ៉ាគីម ខណៈ អេ ណារ័ត្ន ជាអ្នកឈ្នះក្នុងមណ្ឌលខេត្ត កំពង់ធំ ដោយប្រកួតឈ្នះ ណង សាវ និង សូត្រ វាសនា និងបេក្ខភាពចុងក្រោយ សេក គឹមសាន្ត មកពីមណ្ឌលសៀមរាប ប្រកួតឈ្នះ ឡុង ខេត្ត និង អេលីត កែវឡុង ។
សូមបញ្ជាក់ថា វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រកម្មវិធីអ្នកតស៊ូគុនខ្មែរគោជល់ដំណើរឆ្ពោះទៅតាម ខេត្តនឹងធ្វើការចាប់ឆ្នោតដើម្បីរកដៃគូប្រកួតរបស់ពួកគេដើម្បីប្រកួតនៅថ្ងៃទី ២៣ ខែ ឧសភា ឆ្នាំ ២០២០ នាពេលខាងមុខនាសង្វៀន CNC ឬស្សីកែវ ដោយម្ចាស់ខ្សែក្រវាត់ក្នុងកម្មវិធីនេះនឹងទទួលបានបា្រក់រង្វាន់ចំនួន ៥ ពាន់ដុល្លារ ៕