កែវ រំចង់ ជឿជាក់ថា រឿង សោភ័ណ្ឌ ឈ្នះដៃគូប្រកួត១០០ភាគរយ
តើ រឿង សោភ័ណ្ឌ អាចនឹងក្លាយជាកីឡាករគុនខ្មែរដំបូងដែលប្រកួតឈ្នះក្នុងនាមជាគូឯកនៅកម្មវិធី Super Champ បានទេ? ពិតណាស់! ប្រាកដជាបាន ហើយឈ្នះលើដៃគូប្រកួត១០០ភាគរយទៀតផង នេះបើយោងទៅតាមសំដីរបស់អ្នកប្រដាល់វ៉ៃមិនចេះថយ កែវ រំចង់។
កែវ រំចង់ បាននិយាយប្រាប់ MSR បន្ថែមទៀតថា កីឡាករថៃ គួនអ៊ូ ដែលជាគូប្រកួតរបស់ រឿង សោភ័ណ្ឌ គ្មានអ្វីគួរឲ្យខ្លាចនោះទេ ហើយបើយើងមើលក្នុង YouTube តាមដានការប្រកួតរបស់គេ គឺកីឡាករថៃនោះស្ទើរសុះ ម៉ាត់ក៏មិនចំម៉ាត់ ទាត់ក៏មិនចំទាត់ និយាយរួមអាវុធរបស់គេគឺមិនច្បាស់ទាំងអស់ ហើយបើប្រៀបធៀបជាមួយ រឿង សោភ័ណ្ឌ វិញគឺគុនខ្មែរយើងល្អជាងច្រើន ពិសេសវ៉ៃធ្ងន់បានល្អជាង។
គួរបញ្ជាក់ថា សម្រាប់ការប្រកួតក្នុងកម្មវិធីនៅប្រទេសថៃ Super Champ ក្នុងនាមជាគូឯកកន្លងមក គុនខ្មែររបស់យើងមិនទាន់ស្វែងរកជ័យជំនៈបាននូវឡើយនោះទេ សូម្បីតែ ម៉ឺន សុភា, ឡុង បេនលឿន, គង់ សំបូរ រួមជាមួយនិងគុនខ្មែរផ្សេងៗទៀត សុទ្ធតែមិនទាន់ប្រកួតឈ្នះដៃគូក្នុងនាមជាគូឯកទាំងអស់។ ដូច្នេះ MSR សង្ឃឹមថា កណ្តាប់ដៃភ្លើង ជើងរន្ទះ រឿង សោភ័ណ្ឌ និងសាងប្រវត្តិនេះក្នុងនាមជាកីឡាករតំណាងឲ្យគុនខ្មែរ។ សម្រាប់ការប្រកួតរវាង រឿង សោភ័ណ្ឌ និង កីឡាករថៃ គួនអ៊ូ និងធ្វើឡើងនៅថ្ងៃអាទិត្យស្អែកនេះ ដោយការប្រកួតនឹងចាប់ផ្តើមឡើងនៅម៉ោង៧ល្ងាចតទៅ ហើយមានផ្សាយផ្ទាល់នៅប៉ុស្តិ៍លេខ៨របស់ថៃផងដៃរ៕