ក្រៅពីប្រដាល់ វីហ្គោ គឺជានិសិ្សតនិងគ្រូបង្ហាត់ជាច្រើនផ្នែកទៀតក្នុងស្រុកថៃ
វីហ្គោ ស.ដានឆ័យ គឺជាអ្នកប្រដាល់គុនថៃមួយរូប ដែលពុកម៉ៃបងប្អូនតែងតែស្គាល់តាមរយៈការមកប្រកួតជាលក្ខណមិត្តភាពអន្តរជាតិជាមួយគុនខ្មែរ ដោយយុវជនកើតក្នុងខេត្តសុរិន្ទប្រទេសថៃរូបនេះ ភាគច្រើនប្រកួតក្នុងប្រភេទទំងន់៥៧គីឡូក្រាម។
បើនិយាយអំពីក្បាច់ប្រកួតវិញ វីហ្គោ មានជំហររឹងមាំ ពូកែប្រើជង្គង់ អាវុធចេញមួយៗតែច្បាស់។ បើយោងតាមការសាកសួរពីសំណាក់ MSR ជាមួយ វីហ្គោ បានឲ្យដឹងថា៖ នៅស្រុកថៃភាគច្រើនក្មេងៗក្នុងភូមិចាប់ផ្តើមចូលហ្វឹកហាត់តាំងពីក្មេងៗមកម្លេស ពោលគឺអាយុ៧ទៅ៨ឆ្នាំគឺចាប់ផ្តើមហ្វឹកហាត់គុនថៃហើយ ហើយរូបគេក៏ជាក្មេងម្នាក់ក្នុងចំណោមក្មេងៗទាំងនោះដែរ។
វីហ្គោ ស.ដានឆ័យ ចាប់ផ្តើមមកធ្វើការប្រកួតក្នុងទឹកដីប្រទេសកម្ពុជា អំឡុងឆ្នាំ២០១៥ គ្រានោះគឺប្រកួតចាញ់កីឡាករគុនខ្មែរ ម៉ន សាម៉េត ក្នុងទឹកទី៥ តែក្រោយៗមកទៀតរូបគេក៏ល្អែងមកប្រកួតក្នុងជាទឹកដីកម្ពុជាជាញឹកញាប់ ក្រោមការយកមកប្រកួតពីសំណាក់ ប្រម៉ូទឺថៃ គឺលោក ថាវិន ស.ដានឆ័យ ដែលជាគ្រូបង្ហាត់ផ្ទាល់តែម្តង ដោយមានឈ្នះ និងចាញ់។បើនិយាយអំពីការមកប្រកួតក្នុងស្រុកខ្មែរវិញ វីហ្គោ ប្រកួតបាន២៤លើក ឈ្នះ១៣ដង ចាញ់១០ដង និងស្មើ១ ហើយប្រកួតចុងក្រោយក្នុងទឹកដីកម្ពុជាគឺស្មើគ្នាជាមួយ រ៉ែម រាជ ក្នុងការប្រកួតដណ្តើមប្រាក់លាន ខ៉ារ៉ាប៉ាវ។
សព្វថ្ងៃនេះ វីហ្គោ គឺជានិសិ្សតផ្នែកអប់រំកាយផង ជាគ្រូផ្នែកអប់រំកាយផង ជាកីឡាករហែលទឹកផង ធ្វើជាគ្រូប្រដាល់និងបាល់ទាត់បង្ហាត់ក្មេងៗផង ថតស្ពត់ផង និងជាអ្នកចំការផង បើនិយាយជារួមគឺជីវិតរបស់យុវជនថៃមួយនេះគឺបរិច្ចាកទៅលើកីឡាតែម្តង ហើយនេះគឺជាគំរូមួយដ៏ល្អមួយសម្រាប់អ្នកប្រដាល់ផ្សេងៗទៀតអាចយកជាគំរូបាន ជាមួយគ្នានេះ បើនិយាយអំពីក្រុមបាល់ទាត់ដែល វីហ្គោ មានការគាំទ្រស្រលាញ់ពេញចិត្តគឺក្រុមបិសាចក្រហម Manchester United នៅប្រទេសអង់គ្លេស៕