ពានរង្វាន់ UEFA Champions League សម្រេចប្រើប្រព័ន្ធ VAR ចាប់ពីវគ្គ១៦ក្រុមចុងក្រោយ
សហព័ន្ធបាល់ទាត់ទ្វីបអឺរ៉ុប UEFA បានសម្រេចប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាល VAR ចាប់ពី វគ្គ ១៦ ក្រុមចុងក្រោយ នៃពានរង្វាន់ UEFA Champions League ដែលដំណើរការចាប់ថ្ងៃទី ១៦ ខែកុម្ភៈ ឆ្នាំ២០១៩ តទៅ។
ការសម្រេចនេះធ្វើឡើងនៅការប្រជុំថ្នាក់ដឹកនាំ UEFA នាទីក្រុង Dublin (ដាប់ប្លីន) នៅប្រទេស អៀរឡង់ ក្រោយពីការធ្វើតេស្តបច្ចេកទេសបានជោគជ័យ និងការបង្ហាត់អាជ្ញាកណ្ដាលនៅរយៈពេលប្រមាណខែចុងក្រោយនេះ។
គណៈកម្មការក៏បានសម្រេចដាក់ VAR ក្នុងវគ្គផ្ដាច់ព្រាត់ UEFA Champions League ឆ្នាំ២០១៩, វគ្គផ្ដាច់ព្រាត់ UEFA Nations League ឆ្នាំ២០១៩ និង វគ្គផ្ដាច់ព្រាត់ UEFA European U-21 Championship ឆ្នាំ២០១៩ ដែរ។
ក្រៅពីនេះ UEFA មានគម្រោងពង្រីកការប្រើប្រាស់ប្រព័ន្ធវីដេអូជំនួយអាជ្ញាកណ្ដាលនេះ នៅពានរង្វាន់ UEFA EURO 2020, UEFA Europa League 2020-21 និងវគ្គផ្តាច់ព្រ័ត្រ UEFA Nations League 2021 ផងដែរ៕