កីឡាករ Abdelhak Nouri របស់ Ajax ភ្ញាក់ពីសន្លប់រយៈពេលជាង ២ ឆ្នាំ
(BC-99)
កីឡាករសញ្ជាតិ ហូឡង់ អាយុ ២២ ឆ្នាំរូបនេះបានដួលនៅលើទីលានកាលពីខែកក្កដាឆ្នាំ ២០១៧ ដោយសារបញ្ហាគាំងបេះដូងក្នុងអំឡុងពេលដែលក្រុម Ajax ធ្វើការប្រកួតជាមួយក្រុម Wederbremen ដែលបណ្តាលអោយខួរក្បាលរបស់គេមានការប៉ះទង្គិចនិងត្រូវដេកសន្លប់ដូចជារុក្ខជាតិចាប់តាំងពីពេលនោះមក។
បើតាមការនិយាយអោយដឹងនៅក្នុងកម្មវិធីពិសេសមួយនៅលើកញ្ចក់ទូរទស្សន៍ហូឡង់បងប្រុសរបស់ Nouri គឺ Abderrahim បានលើកឡើងថា ប្អូនប្រុសរបស់ខ្លួនបានក្រោកពីសន្លប់ដោយការព្យាបាលយ៉ាងដិតដល់ហើយលោកសង្ឃឹមថាស្ថានភាព Nouri នឹងបន្តរីកចម្រើនទៅមុខទៀតថែមទៀត។ Nouri អាចអង្គុយលើរទេះរុញបានប៉ុន្តែរូបគេនៅតែពឹងផ្អែកទាំងស្រុងលើក្រុមគ្រួសារ។
Abderrahim ក៏បាននិយាយបន្តទៀតអំពី Nouri ដែរថាមកដល់ពេលនេះគេអាចនិយាយទៅកាន់អ្នករាល់គ្នាក្នុងក្រុមគ្រួសារបានហើយ ហើយគេក៏យល់អំពីកាលៈទេសៈនិងស្ថានភាពរបស់ខ្លួនឯងផងដែរ។ គេបានញញឹមមកកាន់ពួកយើងដោយមានការជឿជាក់។
រីឯលោក Mohammed ដែលជាឪពុកវិញក៏បានបង្ហាញពីអារម្មណ៍រំជើបរំជួលដោយសង្ឃឹមថានឹងមានអព្ភូតហេតុជាងនេះដែលអាចនាំកូនប្រុសលោកមកកាន់សភាពដើមវិញ ហើយលោកបានប្តេជ្ញាត្រូវមើលថែរក្សាកូនគាត់ឱ្យអស់ពីសមត្ថភាព។
គួរបញ្ជាក់ថា Abdelhak Nouri បានក្លាយជាកីឡាករយុវជនរបស់ Ajax នៅឆ្នាំ ២០១៥ និងបានក្លាយជាកីឡាករក្នុងឈុតធំនៅឆ្នាំ ២០១៧។ ដោយយោលទៅលើជំនាញជាខ្សែបម្រើប្រយុទ្ធ ឬក៏អាចប្តូរទៅរត់នៅស្លាបខាងឆ្វេងបាន គេគួរតែជាកីឡាករដ៏លេចធ្លោរមួយរូបប្រសិនបើគេមិនមានបញ្ហាដេកលើគ្រែអស់រយៈពេល ២ ឆ្នាំ ៩ ខែកន្លងមកទេនោះ។