អ៊ន ចាន់ប៉ូលីន ចងចាំបុរសម្នាក់ដែលធ្វើអោយគេក្លាយជាកីឡាករជោគជ័យដល់ថ្ងៃនេះ
ខ្សែបម្រើការពារវ័យក្មេង អ៊ន ចាន់ប៉ូលីន ដែលកំពុងប្រកបអាជីពជាកីឡាករបាល់ទាត់នាក្លិប ភ្នំពេញក្រោន បានលើកឡើងអំពីជីវិតរបស់ខ្លួនក្នុងវិស័យមួយនេះ ថាកាលពីដើមឡើយគឺជាក្មេងលេងបាល់នៅស្តាតអូឡាំពិកប៉ុណ្ណោះ មុនមានឈ្មោះល្បីល្បាញ ហើយជាប់ក្នុងក្រុមជម្រើសជាតិកម្ពុជា មកទល់ពេលនេះ។
ប្រធានក្រុម ភ្នំពេញក្រោន រូបនេះបានប្រាប់ក្រុមការងារ MSR ថា៖ កាលពីដំបូងឡើយខ្ញុំតែងតែទៅលេងបាល់ទាត់ជាមួយបងៗ នៅពហុកីឡដ្ឋានជាតិ (ទីធ្លារខាងក្រៅទីលាន) ដោយសារមានចិត្តស្រលាញ់វិស័យមួយនេះ សំណាងល្អបានជួបជាមួយលោកគ្រូ ប៊ុយ ដារី គាត់បានសួរថា ចង់ហាត់បាល់ទេ? ខ្ញុំសប្បាយចិត្តឆ្លើយភ្លាមថា ចង់ បន្ទាប់មកគាត់ក៏បានបង្កើតជាសមាគន៍បាល់ទាត់ មិនបានប៉ុន្មានគាត់ក៏បានពិភាគ្សាជាមួយលោក ឬទ្ធី សំណាង ឲ្យខ្ញុំទៅធ្វើតេស្តនៅក្រុមយុវជនភ្នំពេញក្រោន U-13 ហើយក៏ជាប់(ឆ្នាំ២០១១)។ លេងបានមួយឆ្នាំខ្ញុំក៏បានជាប់ជម្រើសជាតិកម្ពុជាអាយុក្រោម ១៤ឆ្នាំ រហូតដល់ ២០១៥ ខ្ញុំបានចូលលេងនៅឈុតធំ ភ្នំពេញក្រោន មកដល់បច្ចុប្បន្ននេះ។ ដូនេះហើយលោក ប៊ុយ ដារី គឺជាមនុស្សម្នាក់ដែលបានជួយសម្រេចក្តីស្រមៃដើម្បីអោយខ្ញុំក្លាយជាកីឡាករបាល់ទាត់អាជីពនិងក្លិបបាល់ទាត់ភ្នំពេញក្រោន ជាអ្នកមានគុណរបស់ខ្ញុំសម្រាប់ការជោគជ័យក្នុងវិស័យបាល់ទាត់ដែលខ្ញុំស្រលាញ់ខ្លាំងមួយនេះ ។លោក ប៊ូយ ដារី ធ្លាប់ជាគ្រូបង្វឹកក្រុមយុវជនរបស់ក្លិបបាល់ទាត់ភ្នំពេញក្រោន ដែលលោកបានបណ្តុះកីឡាករល្អជាច្រើនដែលបច្ចុប្បន្នលេងក្លិបក្នុងលីហ្គកំពូលបាល់ទាត់កម្ពុជា និងជាប់ជម្រើសជាតិ ច្រើនរូបផងដែរ ។

ប៊ូយ ដារី
គួរបញ្ជាក់ផងដែរថា កីឡាករ អ៊ន ចាន់ប៉ូលីន កើតនៅភ្នំពេញ ធ្លាប់ឈ្នះពានរង្វាន់លីគកំពូលកម្ពុជា នាឆ្នាំ២០១៥ ដែលរូបគេទើបឡើងមកឈុតធំ នឹងបានលេងនាវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ចំណែកឯជាមួយក្រុមជម្រើសជាតិវិញគឺតាំងពីបានប្រលូកត្រឹមរយៈពេលមួយឆ្នាំ គឺជាប់ជាបន្តបន្ទាប់ចាប់ពីឈុត U-14, U-19, U-21, U-23 ដល់ឈុតធំ នឹងបានជួយកម្ពុជាឆ្លងផុតជុំទី១ វគ្គជម្រុះ FIFA World Cup Qatar 2022 ផងដែរ៕