
កម្ពុជា អាចនឹងស្គាល់ជ័យជម្នះលើកដំបូងពេលប៉ះ ឆាយនិសតៃប៉ិ ល្ងាចនេះ
ក្រុមជម្រើសជាតិបាល់ទាត់អាយុក្រោម២៣ឆ្នាំកម្ពុជានឹងធ្វើការប្រកួតបញ្ចប់ក្នុងពូល H ជាមួយ ឆាយនិសតៃប៉ិ នាល្ងាចនេះក្នុងពានរង្វាន់ AFC Championship 2020 វគ្គជម្រុះនាពហុកីឡដ្ឋានជាតិ ។
ពិតណាស់ក្រុមកម្ពុជានិងឆាយនិសតៃប៉ិ សុទ្ធតែមិនទាន់ស្គាល់ជ័យជម្នះដូចគ្នាក្នុងការប្រកួតពីរប្រកួត កន្លងមក និងបានធ្លាក់ចេញក្នុងវគ្គទៅហើយ ប៉ុន្តែពួកគេក៏ត្រូវការឈ្នះសម្រាប់ប្រកួតចុងក្រោយនេះ ដែរ ខណៈកម្ពុជាដែលជាម្ចាស់ផ្ទះមានភាគច្រើនជាងដើម្បីរកបានបីពិន្ទុជាលើកដំបូង ។
ប្រកួតទីមួយកន្លងមកគោព្រៃ ចាញ់ អូស្ត្រាលី ៦ ទល់ ០ ខណៈប្រកួតលើកទីពីរចាញ់ កូរ៉េខាងត្បូង ៦ ទល់ ១ ចំណែក ឆាយនិសតៃប៉ិ ប្រកួតដំបូងចាញ់ កូរ៉េខាងត្បូងដោយលទ្ធផល ៨-០ ហើយប្រកួតលើកទី២ក៏បន្តចាញ់អូស្ត្រាលី ៦-០ ថែមទៀត។
សម្រាប់ល្ងាចថ្ងៃទី ២៦ ខែ មិនា នេះ កម្ពុជា ត្រូវប្រកួតបញ្ចប់ក្នុងពូលជាមួយ ចិនតៃប៉ិ វេលាម៉ោង ៨យប់ ខណៈ អូស្ត្រាលី ត្រូវប្រកួតដណ្តើមកំពូលតារាងជាមួយ កូរ៉េខាងត្បូង ពីម៉ោង ៥ល្ងាច និងមានផ្សាយផ្ទាល់ តាមទូរទស្សន៍ MYTV ៕ រូបភាព៖ FFC