កីឡាការិនីហ្សំប៊ីជាបុគ្គលដំបូងធ្វើបានហ៊ែតទ្រីក២ដងក្នុងមួយព្រឹត្តិការណ៍អូឡាំពិក
កីឡាការិនី Barbra Banda រកបាន៣គ្រាប់ម្នាក់ឯងក្នុងការប្រកួតអូឡាំពិកវិញ្ញាសាបាល់ទាត់នារីដែលក្រុមជម្រើសជាតិហ្សំប៊ីរបស់នាងស្មើចិន៤ទល់នឹង៤ នៅថ្ងៃសៅរ៍ ទី២៤ ខែកក្កដា ប្រទេសជប៉ុន។
នេះជាការធ្វើបានហ៊ែតទ្រីកជាលើកទី២ បន្ទាប់ពីកីឡាការិនីកើតឆ្នាំ២០០០ខាងលើរកបាន៣គ្រាប់ពេលចាញ់ហូឡង់ ៣ទល់នឹង១០ កាលថ្ងៃទី២១ ខែកក្កដា។ នាងក្លាយជាកីឡាការិនីដំបូងគេដែលរកបានហ៊ែតទ្រីកដល់ទៅ២ដងក្នុងមួយព្រឹត្តិការណ៍អូឡាំពិក។
គ្រាប់បាល់ទាំង៦របស់នាងមានន័យថា នាងស្មើម្ចាស់ស្បែកជើងមាសអូឡាំពិក ២០១២ Christine Sinclair ដែលរកបាន៦គ្រាប់។ បច្ចុប្បន្ន Barbra Banda ស្មើគ្រាប់បាល់របស់កីឡាការិនីហូឡង់ Vivianne Miedema ដែលមាន៦គ្រាប់ដូចគ្នា ឈរកំពូលតារាង Top Scorer។
យ៉ាងណា ក្ដីសង្ឃឹមក្នុងការរកគ្រាប់បាល់ថែមទៀត ទំនងមិនងាយស្រួលឡើយ ខណៈបច្ចុប្បន្នហ្សំប៊ីកំពុងនៅបាតតារាងពូល F ហើយប្រកួតចុងក្រោយត្រូវប៉ះក្រុមលេខ២ប្រចាំពូល គឺប្រេស៊ីល នៅថ្ងៃទី២៧ ខែកក្កដា។
គួរដឹងដែរថា កីឡាការិនី Barbra Banda បច្ចុប្បន្នកំពុងលេងនៅក្លិបនារីចិន Shanghai Shengli៕