អ្នកចាត់ការ Arsenal ត្រូវ FA ចោទប្រកាន់ ក្រោយទាត់ដបហោះទៅប៉ះអ្នកគាំទ្រ Brighton
អ្នកចាត់ការ Arsenal លោក Unai Emery ត្រូវបានសហព័ន្ធកីឡាបាល់ទាត់អង់គ្លេសចោទចំពោះការទាត់ដបមួយដែលហោះទៅប៉ះអ្នកគាំទ្រ Brighton ម្នាក់នៅចុងការប្រកួតដែលក្រុមទាំង២ស្មើគ្នា១-១កាលពីយប់ថ្ងៃពុធទី២៦ខែធ្នូ។
FA និយាយថានោះជាទង្វើខុសឆ្គង ហើយលោក Emery មានពេលដល់ថ្ងៃទី២ខែមករាដើម្បីឆ្លើយតបចំពោះការចោទប្រកាន់។ ខណៈលោក Emery បានទាត់ដបនោះដោយសារតែខកចិត្តចំពោះទម្រង់លេងរបស់ក្រុមកាំភ្លើងធំក្នុងវគ្គទី២។
លោក Emery បានសុំទោសចំពោះហេតុការណ៍ដែលមិនត្រូវបានកត់ចូលក្នុងរបាយការណ៍របស់មន្ត្រីដឹកនាំការប្រកួតនោះ។ អ្នកចាត់ការជនជាតិអេស្ប៉ាញបានទៅសុំទោសអ្នកគាំទ្រក្រុមម្ចាស់ផ្ទះភ្លាមៗក្រោយកើតហេតុនោះ និងទៅនិយាយម្ដងទៀតក្រោយចប់ការប្រកួត៕