ជីវភាពមិនអំណោយផល ប្តីប្រពន្ធមួយគូនាំគ្នាធ្វើជាអ្នកប្រដាល់គុនខ្មែរ
អស់រយះពេលជាង១៧ឆ្នាំហើយដែលរូបខ្ញុំបានប្រឡូកក្នុងវិស័យគុនខ្មែរ តែមកដល់បច្ចុប្បន្ននេះរូបខ្ញុំមិនបានទទួលផលប្រយោជន៌អ្វីទាំងអស់ក្រៅពីសល់គ្រួសារដ៏កំសត់កូន៣និងប្រពន្ធមួយ នេះគឺជាសំដីរបស់អ្នកប្រដាល់ចាស់វស្សា ងួន គា ដែលជាកូនសិស្សរបស់លោក ម៉ាក់ សុខន និង លោកគ្រូធំ ញ៉ូវ ម៉ាក់ ក្នុងក្លឹបតាឡីដំរីមានរិទ្ធ។
មកដល់ពេលនេះអ្នកប្រដាល់គុនខ្មែរវ័យចំណាស់ ងួនគា មានវ័យ៣៤ឆ្នាំហើយ ក្រៅពីអាជីពជាអ្នកប្រដាល់ កីឡាកររូបនេះគឺជាអ្នករកស៊ីលក់ត្រីបន្តិចបន្តួចនៅផ្សារជើងឯកក្បែរកន្លែងវាលពិឃាដជើងឯក។ ប្រកួតតាំងពីក្នុងបុរីកីឡារហូតមកដល់ពេលនេះបើនិយាយអំពីបទពិសោធន៌ប្រកួតលើសង្វៀនវិញជិត២០០ដងហើយ ពេលខ្លះក៏ឃើញប្រកួត ពេលខ្លះក៏មិនបានឡើងប្រកួត ដោយសារតែឆ្លៀតរកមុខរបរផ្សេងៗដើម្បីចិញ្ជឹមគ្រួសារ។
សព្វថ្ងៃនេះកីឡាករ ងួនគា មានកូន៣ ស្រី២ ប្រុស១ តាមពិតទៅ MSR សួរចុះសួរឡើង ប្រពន្ធរបស់គាត់ក៏ជាអ្នកប្រដាល់មួយរូប ដែលល្បីឈ្មោះផងដែរគឺ សិង្ហ តុ ដែលជាសិស្សច្បងរបស់កីឡាការិនី នូវ ស្រីពៅ ។ ងួនគា បាននិយាយរំលឹកថា ប្រពន្ធរបស់គាត់ សិង្ហ តុ រៀបអាពាហ៌ពិពាហ៌ជាមួយគ្នាក្នុងឆ្នាំ២០០៥ គ្រានោះប្រពន្ធរបស់គាត់ជាកម្មការិនី ការបានកូន២ ប្រពន្ធរបស់គាត់ចាប់ផ្តើមចូលហ្វឹកហាត់គុនខ្មែរ គ្រានោះលោកគ្រូឃើញផ្លែប្រយុទ្ធល្អ ក៏បានរៀបចំអោយប្រកួតជាមួយកីឡាមួយរូប(មិនចាំឈ្មោះ)នៅបាត់ដំបងហើយក៏ឈ្នះ ចាប់តាំងពីពេលនោះមក ប្រពន្ធរបស់លោកក៏ឧស្សាហ៌ឡើងសង្វៀនញឹកញាប់រហូតបានជាង៥០ដង ដោយមានឈ្នះនឹងចាញ់ ជាមួយគ្នានោះ អេ យ៉ានុត និង វី ស្រីឃួច សុទ្ធតែប្រពន្ធរបស់លោកធ្លាប់ប្រកួតជាមួយទាំងអស់។ មួយរយះក្រោយមក សុខភាពមិនអំណោយផលកីឡាការិនី សិង្ហ តុ ដែលជាប្រពន្ធរបស់លោកក៏បញ្ជប់អាជីពជាអ្នកប្រដាល់តែម្តង។