
រឿង សោភ័ណ្ឌ នឹងប៉ះកីឡាករភូមា Yan Naing Tun នៅទឹកដីកម្ពុជា
សហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិបានបានបង្ហាញពីការរៀបចំអោយអ្នកប្រដាល់គុនខ្មែរ រឿង សោភ័ណ្ឌ សងសឹកជាមួយអ្នកប្រដាល់ស្បែកស្វឹតរបស់ភូមា Yan Naing Tun នៅទឹកដីកម្ពុជា ក្នុងកម្មវិធី KIF World Kun Khmer Tournament ក្នុងអំឡុងថ្ងៃទី ២៩-៣០ ខែធ្នូ ឆ្នាំ២០១៨ នេះ ។
សម្រាប់ការប្រកួតនេះគឺធ្វើឡើងប្រភេទទម្ងន់ចន្លោះ ៦៧ ទៅ ៧០ គីឡូក្រាម លក្ខណៈគុនខ្មែរ ។ បើសិនការរៀបចំជំនួបរវាងកណ្តាប់ដៃភ្លើងជើងរន្ទះ និងអ្នកប្រដាល់ក្បាលដែក បានសម្រេចមែន នោះ វាពិតជាអស្ចារ្យ ពីព្រោះកីឡាករគុនខ្មែរទើបតែចាញ់កីឡាករ Yan Naing Tun ដោយបោះបង់ ការប្រកួតក្នុងទឹកទី៣ នាទឹកដីភូមា កាលពីថ្ងៃទី ២៩ កញ្ញា នេះ ។
នេះជាលើកទី២ហើយដែលសហព័ន្ធប្រដាល់គុនខ្មែរអន្តរជាតិរៀបចំការប្រកួតអន្តរជាតិដូចនេះ ខណៈលើកទីមួយ រឿង សោភ័ណ្ឌ ក៏បានចូលរួមដែរដោយបានប្រកួតឈ្នះនិង ដណ្តើមខ្សែក្រវាត់ ពីកីឡាករ ប្រេស៊ីល ៕