អាយអេសអាយទុកវត្តមានអ្នកឧបត្ថម្ភបន្ថែមជាឱកាសសម្រួចខ្លួនកាន់តែរឹងមាំ
កាលពីល្ងាចថ្ងៃអាទិត្យ ទី២២ ខែតុលា ឆ្នាំ២០២៣ ក្លិបបាល់ទាត់ អាយអេសអាយដង្កោសែនជ័យ បានធ្វើពិធីចុះហត្ថលេខាអនុស្សរណៈនៃការយោគយល់គ្នាជាមួយ បុរី ច័ន្ទគីរី លើគម្រោងជួយអភិវឌ្ឍក្លិបបន្ថែមទៀត។
លោក សៀក សុវណ្ណ អគ្គលេខាធិការក្លិបបាល់ទាត់អាយអេសអាយដង្កោសែនជ័យ ថ្លែងថា បន្ទាប់ពីចាប់ដៃគូជាមួយម្ចាស់ឧបត្ថម្ភថ្មីនេះ គឺជាឱកាសល្អ ក្នុងការជួយអោយក្លិបពង្រឹងសម្ថភាពកាន់តែខ្លាំងបន្ថែមទៀត និងលើកកម្ពស់ផ្នែកហិរញ្ញវត្ថុបានមួយកម្រិតផងដែរ។
ជាឱកាសល្អសម្រាប់ក្លិប យើងអាចធ្វើឱ្យក្លិបកាន់តែខ្លាំងលើហិរញ្ញវត្ថុដើម្បីពង្រឹងខ្លួនថែមទៀត។ គាត់ជួយលើការសាងសង់។ ខ្ញុំរំពឹងថា បន្ទាប់ពីការចាប់ដៃគូ ជួយគ្នាទៅវិញទៅមក ជួយលើទីលានឱ្យកាន់តែស្ដង់ដារ យើងក៏នឹងជួយគាត់វិញលើការលក់ និងពង្រីកទីផ្សារ។ យើងក៏នឹងឡើងមុខមាត់មួយកម្រិតទៀតដែរ។
ទន្ទឹមនឹងនេះដែរលោក អ៊ុង វិសុទ្ធបញ្ញា តំណាងក្រុមហ៊ុនបុរីច័ន្ទគីរី បានប្រាប់ពីមូលហេតុចំនួន៣ដែលនាំឲ្យឈានដល់ ការចាប់ដៃគូជាមួយក្លិបអាយអេសអាយ ដង្កោសែនជ័យ “៖ យើងមើលពីសកម្មភាពរបស់ក្លិប មានកីឡដ្ឋានស្អាត ហើយបន្ទប់ពី VIP ក៏ស្អាត យើងអាចទទួលភ្ញៀវបានសមរម្យ មកមើលបាល់ទាត់ ដូចមើលពីផ្ទះអ៊ីចឹងដែរ។ បុរីយើងក៏នៅខណ្ឌដូចគ្នា អ៊ីចឹងជាផ្នែកមួយដែលយើងចង់ចាប់ដៃគ្នា ហើយក្លុិបក៏នៅលីគកំពូល មានចក្ខុវិស័យដូចគ្នាដើម្បីភាពប្រសើរឡើងនៃកីឡា។ យើងជឿជាក់លើធនធានមនុស្សរបស់អាយអេសអាយដង្កោសែនជ័យ កីឡាករក្មេងៗ តែមានសក្ដានុពល។ យើងភាគច្រើនក៏ជាហ្វេនអាយអេសអាយដង្កោសែនជ័យដែរ។”
គួរដឹងដែរថា អាយអេសអាយដង្កោសែនជ័យ ទើបទទួលបានជ័យជម្នះ២ទល់នឹង១លើបឹងកេត កាលចុងសប្ដាហ៍កន្លងទៅ៕