ចំណុចពិសេសៗរបស់ Gavi ដែលជាកីឡាករក្មេងជាងគេក្នុងក្រុមធំអេស្ប៉ាញ
ពេលខ្សែបម្រើវ័យ១៧ឆ្នាំ Gavi ចូលលេងលើទីលានសម្រាប់ក្រុមជម្រើសជាតិអេស្ប៉ាញតទល់អ៊ីតាលីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League នៅថ្ងៃពុធ ទី០៦ ខែតុលា គេបានក្លាយជាកីឡាករអេស្ប៉ាញក្មេងបំផុតក្នុងប្រវត្តិសាស្ត្រ។
តាមការកត់សម្គាល់ពី BBC ស្ថិតក្នុងវ័យ១៧ឆ្នាំ និង៦២ថ្ងៃ កីឡាករ FC Barcelona ទើបលេងបាន៨ប្រកួតកម្រិតអាជីពប៉ុណ្ណោះ ដោយ៥ប្រកួតនៅក្រុមធំ Barca និង៣ប្រកួតនៅក្រុម Barca តែការលេងរបស់គេក្នុងក្រុមធំអេស្ប៉ាញ មើលទៅដូចអ្នកធ្លាប់លេងបានជាង២០ប្រកួតអ៊ីចឹង។
អ្នកគាំទ្រ Barcelona បានឃើញពីការគ្រប់គ្រងបាល់, ការរត់បណ្ដើរបាល់ និងការគិតទុកមុនទីតាំងរបស់ខ្លួន និងសមត្ថភាពស្វែងរកទីតាំង។
ទើបលេងបានតិចតួចនៅកម្រិតក្លិបមែន ប៉ុន្តែនៅ Milan កីឡាករកើតឆ្នាំ២០០៤រូបនេះលេងមិនរុញរាឡើយតទល់កីឡាករសម្បូរបទពិសោធរបស់អ៊ីតាលី។
លោក Luis Enrique គ្រូបង្គោលជម្រើសជាតិអេស្ប៉ាញនិយាយថា Gavi ជាប្រភេទកីឡាករល្អកម្ររកបាន។ គេលេងលើទីលានដូចលេងនៅមុខផ្ទះរបស់គេទៅហើយ។ មិនតែជាកីឡាករជម្រើសជាតិបច្ចុប្បន្នទេ ក៏ជាអនាគតរបស់អេស្ប៉ាញដែរ។ គេអាចលេងក្នុងចន្លោះរវាងបម្រើ និងការពារ។ គេមានបច្ចេកទេសល្អ និងកាយសម្បទាមាំមួន។ មិនតែប៉ុណ្ណោះ គេមានអត្តចរិតល្អ, មានឆន្ទៈលេង និងភាពក្លាហាន។ និយាយទៅមួយកំប្លេតែម្ដង។
Gavi ឬ Pablo Martín Páez Gavira បានផ្ដើមការហ្វឹកហាត់លក្ខណៈអាជីពនៅ Real Betis ពីឆ្នាំ២០១៤ មុនផ្លាស់ទៅថ្នាល Barcelona ឆ្នាំ២០១៥ និងត្រូវបានដំឡើងចូលក្រុមធំរដូវកាល២០២១/២០២២។ កាលថ្ងៃទី៣០ ខែកញ្ញា គេត្រូវបានកោះហៅចូលក្រុមធំជម្រើសជាតិអេស្ប៉ាញជាលើកដំបូង៕