កំណត់ត្រាមិនចាញ់សោះរបស់អ៊ីតាលី៣៧ប្រកួតជាប់គ្នាត្រូវបានបញ្ចប់ហើយ
កំណត់ត្រាមិនចាញ់សោះរបស់អ៊ីតាលី៣៧ប្រកួតជាប់គ្នាត្រូវបានឈានចូលដល់ទីបញ្ចប់ហើយ ក្រោយចាញ់អេស្ប៉ាញលើដីខ្លួនឯង ១ទល់នឹង២ នៃវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ UEFA Nations League។
នេះក៏ជាការសងសឹកមួយដែរពីសំណាក់អេស្ប៉ាញដែលធ្លាប់ចាញ់អ៊ីតាលីក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ EURO 2020 តាមរយៈការទាត់១១ម៉ែត្រកាត់សេចក្ដី។
Ferran Torres រកគ្រាប់បាល់បញ្ចូលទី២គ្រាប់ម្នាក់ឯងក្នុងវគ្គទី១ មុន Lorenzo Pellegrini តាមពីក្រោយឲ្យអ៊ីតាលីក្នុងនាទី៨៣។ ក្នុងការប្រកួតនោះដែរ ប្រធានក្រុម Leonardo Bonucci របស់អ៊ីតាលីបានកាតលឿងទី២ស្មើនឹងកាតក្រហម ក្រោយឲ្យកែងលើ Sergio Busquets។
ដូច្នេះ អេស្ប៉ាញត្រូវរង់ចាំក្រុមឈ្នះវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រមួយគូទៀតរវាងបារាំង និងបែលហ្ស៊ិក។ ចំណែកក្រុមចាញ់ត្រូវប៉ះអ៊ីតាលីយកលេខ៣ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១០ ខែតុលា។
នេះក៏ជាលើកដំបូងចាប់តាំងពីឆ្នាំ១៩៩៩មកដែលអ៊ីតាលីបានចាញ់ការប្រកួតលើដីខ្លួនឯង៕