ផ្អាកការប្រកួតនៅប្រេស៊ីល បន្ទាប់ពីកីឡាករប្រើហិង្សាលើអាជ្ញាកណ្ដាល
ការប្រកួតបាល់ទាត់ក្នុងតំបន់មួយនៅប្រទេសប្រេស៊ីល ត្រូវបានផ្អាកដំណើរការ ក្រោយកីឡាកររុញអាជ្ញាកណ្ដាល ហើយទាត់មួយជើងចំក្បាល បណ្ដាលឲ្យសន្លប់។ នេះបើតាមការផ្សាយពីសារព័ត៌មានអេស្ប៉ាញ Marca។
ហេតុការណ៍នេះកើតឡើងក្នុងនាទី៦០រវាងក្រុម Guarani ពីក្រុង Venancio Aires និង Sao Paulo ពីក្រុង Rio Grande។
រូបភាពពីវីដេអូសហព័ន្ធបង្ហាញថា កីឡាករម្នាក់ឈ្មោះ Ribeiro បានប្ដឹងអាជ្ញាកណ្ដាលរឿងមានកីឡាករបង្កកំហុសលើគេ ហើយអាជ្ញាកណ្ដាលក៏បានព្រមានកីឡាករដែលបានបង្កហេតុ។ មិនបានអីផង Ribeiro ក៏រុញអាជ្ញាកណ្ដាល និងទាត់ថែមចំក្បាលទៀត។
លោកអាជ្ញាកណ្ដាលរងគ្រោះត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ និងបានធូរស្បើយវិញហើយ។
កីឡាករ Ribeiro ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន និងបានចោទប្រកាន់ពីបទមនុស្សឃាត៕