Ferdinand ថា Ten Hag អត់ចេះប្រើ Mount
Rio Ferdinand អតីតខ្សែការពារ Manchester United ថ្លែងថា កីឡាករម្នាក់ៗរបស់ក្រុមបិសាចក្រហម មានសមត្ថភាពល្អ តែការលេងជាក្រុមមិនល្អទេ។ នេះជាទំនួលខុសត្រូវរបស់គ្រូ។ ចំណែក Mason Mount វិញត្រូវការការលេងជាក្រុម និងលេងតំណែងច្បាស់លាស់មួយ។ ដូច្នេះលោក Erik Ten Hag ដាក់ Mount មិនចំកន្លែងទេ។
Mount បានផ្ទេរពី Chelsea ក្នុងតម្លៃ ៧៦លានដុល្លារនៅចុងខែមិថុនា។ គេគឺជាកីឡាករដំបូងរបស់ Erik Ten Hag នៅរដូវក្តៅនេះ ហើយមានពេលច្រើនដើម្បីស្គាល់មិត្តរួមក្រុមថ្មី។ ទោះជាយ៉ាងណាក៏ដោយ គុណផលរបស់ Mount ក្នុងការប្រកួតមិត្តភាពមុនបើករដូវកាល និងជុំដំបូងនៃក្របខណ្ឌ Premier League 2023-2024 បានធ្វើឱ្យអ្នកគាំទ្រ Man Utd ព្រួយបារម្ភ។
យោងតាម Opta សមាជិកជម្រើសជាតិអង់គ្លេសរូបនេះបានប៉ះបាល់តែ៥៧ដងប៉ុណ្ណោះក្នុងរយៈពេល១៥៣នាទីក្នុងការប្រកួតពីរលើក។ Mount មានការបញ្ជូនបាល់ដ៏សំខាន់ចំនួនពីរ តែមិនបានបង្កើតឱកាសណាមួយសម្រាប់មិត្តរួមក្រុមទេ ហើយក៏មិនទាន់បានស៊ុតបញ្ចូលទីដែរ។
Ferdinand និយាយថា “៖អ្នកមិនអាចវិនិច្ឆ័យកីឡាករត្រឹមពីរប្រកួតបានទេ ។ ខ្ញុំមិននៅទីនេះដើម្បីផ្តល់យោបល់ទេ។ ក្រឡេកមើល Chelsea ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ ពួកគេតែងតែស្វាគមន៍កីឡាករថ្មីៗ។ វាពិបាកណាស់ក្នុងការលេងបានល្អជាមួយក្រុមដែលរញ៉េរញ៉ៃបែបនេះ៕”