គ្រូភ្នំពេញក្រោនថា កម្ពុជាគួរតែមានលើស១ក្រុមនៅ AFC Cup
លោក Oleg Starynskyi គ្រូបង្គោលភ្នំពេញក្រោនបានផ្ញើជ័យជម្នះក្នុងវគ្គជម្រុះ AFC Cup 2023/2024 ទៅកាន់ប្រជាជនកម្ពុជាទាំងអស់។ ទន្ទឹមនឹងនេះ លោកថា កម្ពុជាគួរមានលើស១ក្រុមក្នុងពានរង្វាន់ធំមួយនេះ។
គ្រូបង្វឹកជនជាតិអ៊ុយក្រែនលើកឡើងបែបនេះ “៖ខ្ញុំផ្ញើរភាពរីករាយនេះទៅកាន់ប្រជាជនកម្ពុជា ព្រោះនេះពិតជាសំខាន់សម្រាប់អ្នកគ្រប់គ្នា ដែលយើងតំណាងឲ្យក្រុមកម្ពុជា យើងបានឈ្នះ ២ប្រកួត ហើយពេលនេះយើងបានដល់វគ្គចែកពូលហើយ ។ យើងពិតជាមានកិត្តិយសក្នុងការជំរុញបាល់ទាត់នៅកម្ពុជា ខ្ញុំគិតថាបាល់ទាត់នៅកម្ពុជាគួរតែទទួលបានភាពប្រសើរជាងនេះ ដោយគួរតែមានច្រើនជាង ១ក្រុមក្នុងវគ្គជម្រុះ ដូចដែលអ្នកបានឃើញនៅថ្ងៃនេះ យើងអាចប្រជែង និងអាចឈ្នះក្រុមធំៗនៅតំបន់អាស៊ានបាន ។”
គួរដឹងដែរថា មុនឆ្លងដល់វគ្គចែកពូល AFC Cup នេះ ភ្នំពេញក្រោនបានទម្លាក់ក្រុមឡាវ Young Elephants និងក្រុមសិង្ហបុរី Tampines Rovers។
ការប្រកួតវគ្គចែកពូលនឹងចាប់ផ្ដើមពីថ្ងៃទី១៨ ខែកញ្ញា តទៅ៕