
ស្រួង ភាវី ប្ដេជ្ញាចិត្តដណ្ដើមមេដាយមាសស៊ីហ្គេម២០២៣ជូនកម្ពុជា
កីឡាការិនីដ៏ឆ្នើមរបស់កម្ពុជា ស្រួង ភាវី ប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ វិញ្ញាសាប៊ីយ៉ាការ៉ុម ដែលជាម្ចាស់ជ័យលាភីអន្តរជាតិជាច្រើនព្រឹត្តិការណ៍ បានបង្ហាញក្តីរំភើបរីករាយជាខ្លាំង ដែលខ្លួនទទួលបានដំណឹង និងត្រៀមខ្លួនក្លាយជាបេក្ខភាព១រូប ចូលរួមប្រកួតកីឡាចំនួន២វិញ្ញាសា ក្នុងការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ជាប្រវត្តិសាស្ត្រដំបូងរបស់កម្ពុជា។
កីឡាការិនីប៊ីយ៉ាការ៉ុម ស្រួង ភាវី បានបញ្ជាក់ប្រាប់ពីប្រទេសកូរ៉េ តាមរយៈសារអេឡិចត្រូនិកមកថា ពីមុន លោកស្រីមានភាពស្រពិចស្រពិលលើវិញ្ញាសាប៊ីយ៉ាការ៉ុម សម្រាប់គោលដៅ ស៊ីហ្គេម ២០២៣។ ប៉ុន្តែពេលនេះច្បាស់លាស់ជាផ្លូរការហើយ បន្ទាប់ពីលោកស្រីទទួលបានដំណឹងពីសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា ដោយឲ្យលោកស្រីហ្វឹកហាត់ត្រៀមខ្លួន ចូលរួមការប្រកួតស៊ីហ្គេម។ កីឡាការិនីប៊ីយ៉ាការ៉ុមកម្ពុជា ដែលកំពុងមានភាពល្បីល្បាញ និងរស់នៅប្រទេសកូរ៉េខាងត្បូងរូបនេះបន្ថែមថា ការចង់ឈ្នះមេដាយ អ្នកក៏ចង់បានដែរ ហើយលោកស្រីប្តេជ្ញាថា នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីដណ្តើមមេដាយជូនជាតិ ពីព្រោះថា នេះជាឱកាសដ៏កម្រសម្រាប់ស៊ីហ្គេម រៀងរាល់២ឆ្នាំម្តង ហើយត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជា។
«ខ្ញុំពិតជាសប្បាយចិត្ត ដែលនាងខ្ញុំមានឱកាសត្រៀមចូលរួមប្រកួតដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដោយសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា បានដាក់បញ្ជូលនូវវិញ្ញាសាប៊ីយ៉ាការ៉ុម ដែលខ្ញុំចេះស្រាប់។ នេះជាកម្លាំងចិត្ត រំភើប និងសប្បាយចិត្តគ្មានអ្វីប្រៀបផ្ទឹមពុំបាន»។ លោកស្រីបានបន្ថែម។
ជុំវិញការត្រៀមខ្លួនរបស់កម្ពុជា លើប្រភេទកីឡាប៊ីយ៉ា-ស្នូកឃ័រ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២៣ លោក ម៉ារ៉ា សុជាតិ អគ្គលេខាធិការសហព័ន្ធកីឡាប៊ីយ៉ា និងស្នូកឃ័រកម្ពុជា គូសបញ្ជាក់ថា សហព័ន្ធបានត្រៀម១០វិញ្ញាសា សម្រាប់ស៊ីហ្គេម ២០២៣ ដោយក្នុងនោះ មានផ្នែកបុរស ៦វិញ្ញាសា និងនារី ៤វិញ្ញាសា។ លោកអគ្គលេខាធិការរូបនេះ បានអះអាងថា «សម្រាប់កីឡាការិនី ស្រួង ភាវី នឹងចូលរួមប្រកួតលើ ២វិញ្ញាសា គឺវិញ្ញាសាប៊ីយ៉ាការ៉ុម ១បាំង (1 Cushion) និង៣បាំង (3 Cushion)»៕