
យ៉េន ឌីណា ផ្ដួល ឡុង សំណាង ទឹក៤ យកខ្សែក្រវាត់គោជល់១គ្រឿងទៀត
ម្ចាស់មេដាយមាសស៊ីហ្គេម យ៉េន ឌីណា ស្រវាបានខ្សែក្រវាត់អ្នកតស៊ូគោជល់កំពូលជើងឯក កាលថ្ងៃសៅរ៍ ទី២៥ ខែមិថុនា ក្រោយផ្ដួល ឡុង សំណាង ឲ្យសន្លប់ក្នុងទឹកទី០៤។
ឌីណា បានទាត់ឲ្យសំណាង ដួល រហូតអាជ្ញាកណ្ដាលរាប់២ដង មុនសម្រេចចិត្តបញ្ចប់ការប្រកួតជាផ្លូវការ និងផ្ដល់ជ័យជម្នះដល់កូនសិស្សលោក អេ ភូថង។
នេះជាការប្រកួតជើងឯកប៉ះជើងឯក ដោយសំណាង បានឆ្លងកាត់ការប្រកួតជម្រុះមួយដំណាក់កាលរួចទៅហើយ ដែលបានឈ្នះកីឡាករ វេង សុភ័ក្ត្រ។ ចំណែក ឌីណា បានរង់ចាំវគ្គផ្ដាច់ព្រ័ត្រ ដោយស្វ័យប្រវត្តិ។
ដូច្នេះ ឌីណា ទទួលបានខ្សែក្រវាត់អមដោយទឹកប្រាក់២០លានរៀល ខណៈឡុង សំណាង បាន៨លានរៀល៕