
ព័ត៌មានខ្លះៗជុំវិញឥណ្ឌា មុនប៉ះកម្ពុជាថ្ងៃនេះ
ការប្រកួតជម្រុះ AFC Asian Cup 2023 ប្រចាំពូល D ដែលមានឥណ្ឌាជាម្ចាស់ផ្ទះនឹងចាប់ផ្ដើមនៅថ្ងៃពុធ ទី០៨ ខែមិថុនា។ ម្ចាស់ផ្ទះឥណ្ឌា ត្រូវប៉ះកម្ពុជា ហើយកម្ពុជាត្រូវបន្តការប្រកួត ដោយត្រូវប៉ះហុងកុង នៅថ្ងៃទី១១ និងអាហ្វហ្គានីស្ថាន ថ្ងៃទី១៤។
មុនការប្រកួតផ្លូវការចូលមកដល់ យើងទៅចាប់អារម្មណ៍ការព័ត៌មានទូទៅជុំវិញក្រុមម្ចាស់ផ្ទះឥណ្ឌា។
ការប្រកួតនេះក៏នឹងបង្ហាញពីការលេងផ្ទះជាលើកដំបូងរបស់ក្រុម Blue Tigers ក្នុងរយៈពេលជិតបីឆ្នាំ។
ការប្រកួតចុងក្រោយរបស់ឥណ្ឌាលើដីខ្លួនកើតឡើងក្នុងរយៈពេលជិត៣ឆ្នាំមុន ដែលកាលណោះពួកគេបានស្មើ ១-១ ជាមួយបង់ក្លាដែសក្នុងខែតុលា ឆ្នាំ២០១៩។
មានការរំពឹងទុកគឺខ្ពស់សម្រាប់ក្រុមរបស់លោក Stimac ក្នុងវគ្គជម្រុះ។
ឥណ្ឌាត្រូវតែប្រឹងអស់ពីសមត្ថភាពមកលើតុដើម្បីយកឈ្នះកម្ពុជា។ ជ័យជម្នះអាចជាការជំរុញដ៏ល្អឥតខ្ចោះដែលពួកគេត្រូវការដើម្បីដឹកនាំក្រុមឆ្ពោះទៅកាន់ការប្រកួតក្រោយៗទៀត តែប្រសិនបើរបូតពិន្ទុ នោះអាចនឹងធ្វើឲ្យប៉ះពាល់។
ឥណ្ឌាចូលមកក្នុងការប្រកួតនេះ បន្ទាប់ពីបានលេង១៥ប្រកួតចុងក្រោយរបស់ពួកគេនៅក្រៅផ្ទះនិងទឹកដីកណ្ដាល។ COVID-19 បានរារាំងពួកគេពីការប្រកួតនានា តែមិនចោទជាបញ្ហាខ្លាំងឡើយ។
ពួកគេនឹងលេងនៅកីឡដ្ឋាន Salt Lake Stadium ក្នុង ក្រុង Kolkata ដែលពួកគេបានលេងការប្រកួតក្នុងផ្ទះចុងក្រោយរបស់ពួកគេស្មើ 1-1 ជាមួយ បង់ក្លាដែស។ ដូចគ្នានេះដែរ លើកនេះ ពួកគេក៏ប្រឈមមុខនឹងក្រុមដែលមានចំណាត់ថ្នាក់ទាបជាងពួកគេនៅក្នុងចំណាត់ថ្នាក់របស់ FIFA ។
ការចាញ់របស់ឥណ្ឌាលើហ្សកដានីនាពេលថ្មីៗនេះមិនបានបង្កបញ្ហាមុនការប្រកួតជម្រុះឡើយ។ ហ្សកដានី គឺជាក្រុមដែលមានគុណភាពច្រើនជាងក្រុមដែលពួកគេនឹងប្រឈមមុខបន្ទាប់ទៀត។ ប៉ុន្តែលោកStimac ស្ថិតនៅក្រោមសម្ពាធក្នុងការដឹកនាំក្រុមដែលត្រូវតែទាញលទ្ធផលល្អយកមកឲ្យបាន។
ឥណ្ឌាត្រូវការជ័យជម្នះពីកម្ពុជាយ៉ាងសំខាន់បំផុតដើម្បីបង្កើនទំនុកចិត្តក្រុម។
ឥណ្ឌានឹងអវត្តមានកីឡាករគួរកត់សម្គាល់មួយចំនួនសម្រាប់ការប្រកួតតទល់កម្ពុជា។ Rahul Bheke ត្រូវអវត្តមានក្នុងការប្រកួតដំបូង ខណៈ Laleng mawia នឹងមិនចូលរួមក្នុងការប្រកួតជម្រុះ។
Liston Colaco កំពុងជួបបញ្ហារបួសបន្តិចបន្តួច ប៉ុន្តែត្រូវបានគេរំពឹងថានឹងមានភាពរឹងមាំសម្រាប់ការប្រកួតនេះ។ Chinglensana Singh ក៏បានចូលរួមហ្វឹកហាត់បន្ទាប់ពីជាសះស្បើយពីបញ្ហាសុខភាព។ ឥណ្ឌាអាចលេងទម្រង់ 4-3-3 ដើម្បីផ្ដោតលើការសម្រុកខ្លាំង៕