
មិនមែន Messi ឬ Ronaldo តែជាកីឡាករវ័យក្មេងនេះមានតម្លៃខ្លួនថ្លៃជាងគេ
ខ្សែប្រយុទ្ធ Kylian Mbappe បានក្លាយជាកីឡាករបាល់ទាត់មានតម្លៃខ្លួនថ្លៃជាងគេលើលោក គិតត្រឹមឆ្នាំ២០២២នេះ។
របាយការណ៍ពីអង្គភាព CIES Football Observatory បានស្រាវជ្រាវ កីឡាករបាល់ទាត់ ដែលមានតម្លៃខ្លួនថ្លៃបំផុតក្នុងពិភពបាល់ទាត់លើលោក ដោយក្នុងនោះ កីឡាករបារាំង Mbappe កីឡាករប្រេស៊ីល Vinicius Jr និង Haaland របស់ន័រវែសឈរលើគេក្នុងតារាង។
Mbappe វ័យ២៣ឆ្នាំ ដែលបានច្រានចោលការផ្លាស់ទៅ Real Madrid ដើម្បីបន្តនៅ Paris St-German ដោយទទួលបានថ្លៃពលកម្មច្រើនកប់ពពកជាង៨០ម៉ឺនដុល្លារក្នុងមួយសប្តាហ៍នោះ មានតម្លៃខ្លួនទិញផ្តាច់កិច្ចសន្យា ខ្ពស់ជាងគេចំនួន២១៩លានដុល្លារ។
រីឯ Vinicius Jr ខ្សែបម្រើស្លាប វ័យ២១ឆ្នាំ ដែលស៊ុតបញ្ចូលទីជួយ Real Madrid ឈ្នះ Liverpool វគ្គផ្តាច់ព្រ័ត្រ Champions League ស្ថិតនៅលេខចំណាត់ថ្នាក់ទី២ មានតម្លៃផ្ទេរ ១៩៨លានដុល្លារ។ Haaland ខ្សែប្រយុទ្ធរបស់ក្រុម Man City វ័យ២១ឆ្នាំឈរលេខរៀងទី៣ ជាមួយតម្លៃផ្ទេរ ១៦៣លានដុល្លារ។ សម្រាប់អ្នកឈរចំណាត់ថ្នាក់លេខ៤ វិញគឺ កីឡាករ Pedri របស់ Barcelona មានតម្លៃ១៦៣លានដុល្លារ ហើយកីឡាករ Jude Bellingham របស់ Borussia Dortmund តម្លៃ១៤៣លានដុល្លារ ឈរនៅលេខ៥។
សូមបញ្ជាក់ថា ការវាយតម្លៃនេះ គឺផ្អែកលើតម្លៃផ្ទេរកីឡាករតាមរយៈអាយុ ទម្រង់លេងលើទីលាន តម្លៃសេដ្ឋកិច្ចរបស់ក្លិបពួកគេប្រកបអាជីព និងភាពល្បីរបស់កីឡាករម្នាក់ៗ៕
The Nightmare