
ព្រះខ័នរាជស្វាយរៀងតកុងត្រាថ្មីដល់កីឡាករស្នូល២រូប
ព្រះខ័នរាជស្វាយរៀងបានប្រកាសពីការបន្តកិច្ចសន្យាថ្មីដល់សមាជិកស្នូល២រូប គឺខ្សែការពារ សារ៉េត គ្រីយ៉ា និងខ្សែបម្រើ ជា សំណាង នៅថ្ងៃពុធ ទី០៨ ខែមិថុនា នេះ។
អ្នកទាំង២សុទ្ធតែកីឡាករក្នុងក្រុមជើងឯកលីគកំពូលកម្ពុជា២សម័យមួយនេះតាំងពីនៅថ្នាលយុវជនម្ល៉េះ។
សារ៉េត គ្រីយ៉ា បានចូលក្រុមធំព្រះខ័នរាជស្វាយរៀងដំបូងនៅឆ្នាំ២០១៣ និងរួមចំណែកបានជើងឯកលីគកំពូល ក៏ដូចជាពានសម្ដេចតេជោ ហ៊ុន សែន កន្លងមក។ គេជាប់ក្រុមធំជម្រើសជាតិលើកដំបូងក្នុងឆ្នាំ២០១៧។
ចំណែក ជា សំណាង វិញជាប់ក្រុមធំឆ្នាំ២០១០ និងជម្រើសជាតិក្រុមធំ ២០១៥។
លោក Christopher Grant អ្នកចាត់ការព្រះខ័នរាជស្វាយរៀង ថ្លែងថា ក្លិបពិតជាសប្បាយរីករាយចំពោះការបន្តកិច្ចសន្យាដល់អ្នកទាំង២ដែលនឹងបន្តជាផ្នែកសំខាន់សម្រាប់ក្លិបក្នុងរដូវកាលខាងមុខ៕