Zinedine Zidane៖ Eden Hazard ទំនងជាត្រូវនៅក្រៅទីលានរហូតដល់ចប់រដូវកាលនេះ
កាលពីសប្តាហ៍មុន ខ្សែបម្រើ Eden Hazard បានមានបញ្ហារបួសកជើងខាងស្តាំហើយត្រូវប្តូរចេញនៅចុងម៉ោងក្នុងអំឡុងការប្រកួតជាមួយ Levante ក្នុងក្របខ័ណ្ឌ La Liga ដោយ Real Madrid បានចេញសេចក្តីថ្លែងការណ៍ថារូបគេត្រូវអវត្តមានរយៈពេលយូរជាបន្តទៀត។
ជាក់ស្តែងអតីតសមាជិក Lille និង Chelsea ខាងលើទើបតែបានបង្ហាញខ្លួនឱ្យក្រុមជើងឯក UEFA Champions League ១៣សម័យកាលពីសប្តាហ៍មុនតែប៉ុណ្ណោះ ក្រោយអវត្តមាននៅលើទីលានដោយសាររបួសជិត៣ខែផងដែរ។
យ៉ាងណាក្តីឥឡូវនេះគ្រូបង្វឹក Zinedine Zidane បានចេញមុខមកបញ្ជាក់ថា៖ “ក្រោយពីក្រុមគ្រូពេទ្យបានធ្វើការពិនិត្យទៅលើរបួសរបស់ Eden Hazard ហើយ ខ្ញុំគិតថាគេទំនងជាត្រូវនៅក្រៅទីលានរហូតដល់ចប់រដូវកាលនេះ ហើយក៏មិនទាន់ច្បាស់ថាអាចទាន់ព្រឹត្តិការណ៍ EURO 2020 ដូចគ្នា។”
ការសម្រាកព្យាបាលនៅក្រៅទីលាននេះមានន័យថា កីឡាករដែលពាក់អាវលេខ៧នឹងត្រូវខកខានក្នុងការប្រកួតដ៏សំខាន់នៅយប់នេះគឺពានរង្វាន់ UEFA Champions League ទល់នឹង Man City រួមទាំងជំនួប El Clasico ជើងទី២ទល់នឹង FC Barcelona ផងដែរនៅសប្តាហ៍ក្រោយ។