ព្រុយណេដកខ្លួនពីវគ្គជម្រុះ AFF Suzuki Cup 2020
សហព័ន្ធបាល់ទាត់នៃព្រុយដារូសាឡឹម (FABD) បានជូនដំណឹងដល់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) នៅថ្ងៃចន្ទ ទី០៨ ខែវិច្ឆិកា ថា ពួកគេបានសម្រេចដកខ្លួនចេញពីការប្រកួត Play-Off ពានរង្វាន់ AFF Suzuki Cup 2020 ដោយសារផលវិបាកដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ១៩លើការរៀបចំក្រុម។
លោក Haji Matusin ប្រធានសហព័ន្ធកីឡាបាល់ទាត់ព្រុយណេបាននិយាយថា “យើងពិតជាខកចិត្តដែលក្រុមជម្រើសជាតិរបស់យើងមិនអាចចូលរួមប្រកួតក្នុងវគ្គជម្រុះ AFF Suzuki Cup 2020 ដែលនឹងប្រព្រឹត្តទៅនៅប្រទេសសិង្ហបុរីនាពេលខាងមុខ។ ជំងឺរាតត្បាតជាអកុសលបានជះឥទ្ធិពលយ៉ាងខ្លាំងដល់ការរៀបចំក្រុមរបស់យើងសម្រាប់ការប្រកួត ហើយខណៈការខិតខំប្រឹងប្រែងទាំងអស់ត្រូវបានដាក់ចេញដើម្បីដោះស្រាយការលំបាក វាបានបង្ហាញពីភាពស្មុគស្មាញខ្លាំងពេក។ យើងសូមជូនពរយ AFF ទទួលបានជោគជ័យសម្រាប់ការប្រកួតនាពេលខាងមុខ ហើយទន្ទឹងរង់ចាំចូលរួមការប្រកួតម្តងទៀតនៅលើកក្រោយ។”
ប្រធាន AFF ឯកឧត្តម ខៀវ សាម៉េត មានប្រសាសន៍ថា “៖យើងមានការសោកស្ដាយក្នុងការទទួលបានព័ត៌មាននេះ ប៉ុន្តែយើងយល់ច្បាស់ និងយល់ចិត្តលើការលំបាករបស់ពួកគេ។ យើងដឹងថាតំបន់អាស៊ានរបស់យើងបានរងការវាយប្រហារយ៉ាងធ្ងន់ធ្ងរដោយជំងឺរាតត្បាត ហើយទាំងអស់គ្នាកំពុងខិតខំពុះពារជម្នះឧបសគ្គតាមមធ្យោបាយផ្សេងៗ។ ខណៈយើងនឹងខកខានឃើញក្រុមជម្រើសជាតិព្រុយណេចូលរួមក្នុងឆ្នាំនេះ យើងដឹងថាពួកគេនឹងត្រលប់មកវិញខ្លាំងជាងមុន ហើយទន្ទឹងរង់ចាំការចូលរួមរបស់ពួកគេនាពេលអនាគត។”
ព្រុយណេ គ្រោងនឹងប្រកួតជាមួយទីម័រខាងកើត ក្នុងវគ្គជម្រុះនៅប្រទេសសិង្ហបុរី ថ្ងៃទី០១ ខែធ្នូ ឆ្នាំ ២០២១។
ជាមួយនឹងការដកខ្លួននេះ ទីម័រខាងកើតនឹងចូលរួមជាមួយថៃ សិង្ហបុរី មីយ៉ាន់ម៉ា និងហ្វីលីពីន ក្នុងពូល A ក្នុងការប្រកួត AFF Suzuki Cup 2020 ដែលនឹងចាប់ផ្តើមនៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២១ នៅពហុកីឡដ្ឋានជាតិនៅប្រទេសសិង្ហបុរី។
ចំណែកកម្ពុជាស្ថិតនៅពូល B មានវៀតណាម, ម៉ាឡេស៊ី, ឥណ្ឌូនេស៊ី និងឡាវ៕