គ្រូ PSG ថា បើចង់ឈ្នះ Man UTD ត្រូវបិទពីរនាក់នេះឲ្យជិត
លោក Thomas Tuchel អ្នកចាត់ការ Paris Saint Germain បង្ហើបថា កូនក្រុមរបស់លោកត្រូវតែបិទ Paul Pogba និង Bruno Fernandes ឲ្យជាប់ ដូច្នេះអ្នកទាំងពីរនឹងមិនអាចលេងក្បួនវាយបកបានទេ (counterattack)។
“ជាមួយទេពកោសល្យ និងគុណភាព Pogba នៅតែជាកីឡាករសំខាន់ និងជាខ្សែបម្រើដ៏ល្អមួយរូបលើលោក។ ពិតណាស់ PSG ត្រូវតែបិទគេឲ្យជាប់ និងបិទ Bruno ដែរកុំឲ្យបញ្ជូនបាន។ Pogba និង Bruno ជាកម្លាំងសំខាន់នៅតំបន់បម្រើ។ Matic ក៏អ៊ីចឹងដែរ។” លោក Thomas Tuchel ថ្លែងបែបនេះមុនទទួល Man UTD បើកឆាក UEFA Champions League នៅរាត្រីនេះ។
គ្រូបង្វឹកជនជាតិអាល្លឺម៉ង់បន្ត“៖តំបន់ប្រយុទ្ធ Man UTD លេងលឿនណាស់។ សម្រាប់ខ្ញុំ ពួកគេជាក្រុមដ៏ល្អមួយខាងលេងពីការពារទៅប្រយុទ្ធ។ យើងត្រូវតែបញ្ឈប់ការលេងវាយបករបស់ពួកគេ។ យើងត្រូវតែដណ្ដើមបាល់ និងបង្ហាញរបៀបលេងរបស់យើង។”
លោក Thomas Tuchel ទទូចថា មិនដឹងក្រុមរបស់លោកអាចធ្វើបានល្អប៉ុនណាទេ ព្រោះមិនងាយស្រួលឡើយ។ ជាក់ស្ដែងរដូវកាលមុន PSG មានកីឡាករល្អៗច្រើនក៏នៅតែមិនអាចលើកពាន។
ក្រុមបារាំងនេះបានឡើងទៅកាន់វគ្គផ្ដាច់ព្រ័ត្រ UEFA Chammpions League រដូវកាលមុន តែចាញ់ Bayern Munich ១ទល់នឹង០៕