Jose Mourinho បង្ហើបរឿងស្រក់ទឹកភ្នែកតែម្តងគត់ក្នុងអាជីពគ្រូបង្វឹករបស់ខ្លួន
គ្រូបង្វឹក Jose Mourinho បានបង្ហើបថាធ្លាប់បានស្រក់ទឹកភ្នែកតែម្តងគត់នៅក្នុងអាជីពរបស់ខ្លួន នៅពេលដែលដឹកនាំ Real Madrid ប្រកួតចាញ់ Bayern Munich កាលពីឆ្នាំ២០១២។
បរាជ័យដែលធ្វើឱ្យបុរសរហស្សនាម The Special One ឈឺចាប់រហូតដល់ស្រក់ទឹកភ្នែកបែបនេះគឺនៅក្នុងពានរង្វាន់ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័តក្នុងការទាត់បាល់កាត់សេចក្តី១១ម៉ែត្រ។
អតីតគ្រូបង្វឹក FC Porto, Chelsea, Inter Milan និង Manchester United បានរំលឹកបន្ថែមទៀតថា៖ “កាលណោះ Real Madrid គឺជាក្រុមល្អផ្តាច់គេនៅទ្វីបអឺរ៉ុប ព្រោះយើងមានកីឡាករល្អបំផុត ប៉ុន្តែយ៉ាងណាយើងបានចាញ់ក្នុងការប្រកួត។ យប់នោះគឺជាពេលតែមួយគត់នៅក្នុងអាជីពគ្រូបង្វឹកខ្ញុំដែលខ្ញុំស្រក់ទឹកភ្នែកបន្ទាប់ពីចាញ់ក្នុងការប្រកួត។ ខ្ញុំចាំបានថាខ្ញុំបានយំនៅមុខផ្ទះនៅក្នុងឡាន”។
គួររំលឹកថា Cristiano Ronaldo, Kaka និង Sergio Ramos ជាអ្នកទាត់មិនចូលដោយធ្វើឱ្យ Real Madrid ធ្លាក់ចេញពីពានរង្វាន់កំពូលទ្វីបអឺរ៉ុបខាងលើ ខណៈ Chelsea គឺជាម្ចាស់ជើងឯកនារដូវកាលនោះដោយយកឈ្នះ Bayern Munich នៅវគ្គផ្តាច់ព្រ័តនាកីឡដ្ឋាន Allianz Arena ដោយការទាត់បាល់កាត់សេចក្តី១១ម៉ែត្រក្នុងលទ្ធផល៤ទល់នឹង៣។