ភ្នំពេញក្រោន បន្តជួបក្រុមខ្លាំង ស្របពេលដែលអវត្តមានខ្សែប្រយុទ្ធឆ្នើម Paulo Victor
ការប្រកួតពានរង្វាន់ក្របខណ្ឌបាល់ទាត់លីគកំពូលកម្ពុជា រដូវកាល២០២០ ឈានដល់សប្តាហ៍ទី៧ ខណៈដែលក្រុមបាល់ទាត់ភ្នំពេញក្រោន បន្តជួបក្រុមខ្លាំង ពោលគឺ ណាហ្គាវើលដ៍ នាថ្ងៃទី១២ ខែកក្កដា ខាងមុននេះ ហើយជាជំនួបក្រៅដី នាកីឡដ្ឋានស្តាតចាស់ ស្របពេលដែលត្រូវអវត្តមានខ្សែប្រយុទ្ធឆ្នើម Paulo Victor បន្ទាប់ពីទទួលរងការពិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា ចំនួន ៤ ប្រកួត ដោយសារប្រើពាក្យមិនសមរម្យដាក់លោកអជ្ញាកណ្តាលនៅក្រៅទីលាន ក្នុងការប្រកួតជាមួយក្រុម វិសាខា កាលពីសប្តាហ៍មុន ។
ដូច្នេះហើយ ការប្រកួតសប្តាហ៍ទី៧ ជំនួបជាមួយម្ចាស់ផ្ទះ ណាហ្គាវើលដ៍ នៅតំបន់ប្រយុទ្ធរបស់ ភ្នំពេញក្រោន ត្រូវទទួលរាប់រងដោយកីឡាករមាឌធំ Timothy ដែលកំពុងឈរនៅចំណាត់ថ្នាក់លេខ២ កីឡាករដែលរកបានគ្រាប់បាល់ច្រើនជាងគេ នៃលីគកំពូលកម្ពុជា គិតត្រឹមសប្តាហ៍ទី៦ ដោយមាន ៧ គ្រាប់ក្នុងដៃ។ ជំនួបនេះអាចនិយាយបានថា ជាការប្រកួតដ៏ធំប្រចាំសប្តាហ៍ទី៧ នេះផងដែរ ដោយក្រុមទាំងពីរសុទ្ធតែធ្លាប់ឈ្នះជើងឯកលីគ និងមានកីឡាករឆ្នើមៗ ច្រើនដូចគ្នាទាំងកីឡាករជាតិ ក៏ដូចជាបរទេស។
គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១១ ខែកក្កដា នេះ ពានរង្វាន់លីគកំពូលកម្ពុជា មានការប្រកួតចំនួន ៣ គូ នាទីលានផ្សេងៗគ្នា ពោលគឺ អង្គរថាយហ្គឺរ ទទួលភ្ញៀវ យុវជនសាលាបាល់ទាត់ជាតិបាទី នាវេលាម៉ោង ៣ៈ៣០ នាទីរសៀល លើកីឡដ្ឋាន SRU ស្របពេលដែល កងយោធពលខេមរភូមិន្ទ បើកកីឡដ្ឋានស្តាតចាស់ស្វាគមន៍ នគរបាលជាតិ នាម៉ោង ៦ ល្ងាច និងក្រុមព្រះខ័នរាជស្វាយរៀង ត្រូវទទួល អាសុីអឺរ៉ុប យូណាធីត នៅវេលាម៉ោង ៦ ល្ងាច នាទីលានស្មៅធម្មជាតិខេត្តស្វាយរៀង៕