Cavani និង៣នាក់ទៀតមិនអាចជួយ Man UTD ប៉ះ PSG បានទេ
Manchester United នឹងមិនមានកម្លាំងសំខាន់៤រូបសម្រាប់ការប្រកួតបើកឆាកវគ្គចែកពូល UEFA Champions League រដូវកាលថ្មីតទល់ Paris Saint Germain។
Sky Sports រាយការណ៍ថា ប្រធានក្រុម Harry Maguire មានរបួសបន្តិចអំឡុងជំនួបឈ្នះ Newcastle United ចុងសប្ដាហ៍កន្លងទៅ។
ចំណែក Edison Cavani មិនត្រូវបានដាក់បញ្ចូលក្នុងការប្រកួតនៅប៉ារីសតទល់ក្លិបចាស់ទេ ដោយសារខ្សែប្រយុទ្ធអ៊ុយរុយហ្គាយរូបនេះមិនទាន់មានស្ថានភាពពេញលេញ (Fitness)។ ជាមួយគ្នានេះ Mason Greenwood និង Eric Baily ក៏មិនមានឈ្មោះដែរ។
ដោយឡែកប្រធានក្រុម Maguire ទំនងនឹងវិលចូលក្រុមបិសាចក្រហមវិញពេលប៉ះ Chelsea នៅ Premier League ចុងសប្ដាហ៍។ សម្រាប់ការប្រកួតតទល់ PSG តំណែងប្រធានក្រុមនឹងត្រូវបានរ៉ាប់រងដោយ Bruno Fernandez។ ចំពោះតួនាទីខ្សែប្រយុទ្ធវិញ Anthony Martial និង Marcus Rashford អាចនឹងចូលលេងនៅជម្រើស១១នាក់ដំបូង។
គួររំឭកថា កាលវគ្គ១៦ក្រុមរដូវកាល២០១៨/២០១៩ Man UTD ចាញ់០ទល់នឹង២ ក្នុងដីខ្លួនឯង តែឈ្នះ១ទល់នឹង៣ នៅ PSG វិញ ហើយបិសាចក្រហមឡើងទៅវគ្គ៨ក្រុមចុងក្រោយដោយ Away Goal៕