
ក្លឹបប្រដាល់គុនខ្មែរថៅកែចិនមួយទៀត កំពុងលិចរូបរាងនៅខេត្តព្រះសីហនុ ក្រោមការបង្ហាត់ដោយ ជិន រ៉ា

លោកគ្រូ បឺត ខាំ កំពុងផ្តល់បទសំភាសន៍ជាមួយ លោក យ៉េន ម៉ៅ
សព្វថ្ងៃនេះ នៅក្នុងរាជធានីភ្នំពេញ មានក្លឹបគុនខ្មែរមួយដែលមានម្ចាស់ជាជនជាតិកំពុងបើកដំណើរការក្រោមការបង្វឹកដោយ សេន ប៊ុនថេន និង បឺត ខាំ ដែលក្លឹបនោះមានទីតាំងម្តុំចំការដូង ហើយទទួលសិស្សចូលហាត់ដោយមិនគិតកម្រៃ ព្រមទាំងមានសំភារៈហ្វឹកហាត់គ្រប់គ្រាន់ផងដែរ។ តែថ្មីៗនេះក៏មានក្លឹបគុនខ្មែរថៅកែចិនមួយទៀត កំពុងតែបើកដំណើរការនៅឯទឹកដីខេត្តព្រះសីហនុ ក្រោមការបង្ហាត់បង្រៀនដោយលោកគ្រូ ជិន រ៉ា អតីតគ្រូបង្ហាត់នៅក្លឹបកុលបុត្រគុនខ្មែរ និង ជាអតីតអ្នកកាន់សិបអោយ សែន រ៉ាឌី, សែន រ៉ាដេត, បាំង កាយ៉ាក និងអ្នកមួយចំនួនទៀតក្នុងក្លឹបក្រសួងកសិកម្ម។

ជិន រ៉ា និង ថៅកែចិន
បើយោងតាមសំដីរបស់លោកគ្រូ ជិន រ៉ា ប្រាប់ក្រុមការងារ MSR SPORTS បានបញ្ជាក់ឲ្យដឹងថា៖ ក្លឹបគុនខ្មែរថៅកែចិននៅខេត្តព្រះសីហនុនេះ តាមពិតទៅ ថៅកែក្លឹបនេះគឺជាអតីតកូនសិស្សរបស់លោកនៅប្រទេសចិន ដែលធ្លាប់ហៅលោក និង ទិត្យ សុវណ្ណគិរី ទៅបង្ហាត់នៅទីនោះ។ បន្ទាប់ពីកើតជំងឺកូវីដមក ទើបធ្វើឲ្យលោកមិនមានឳកាសទៅបង្ហាត់ជនជាតិចិនម្តងទៀត។ តែដោយសារចិត្តស្រលាញ់គុនខ្មែរ និង ចង់មកលេងហើយប្រកបរបររកស៊ីក្នុងស្រុកខ្មែរនោះ ទើបកូនសិស្សរបស់លោកដែលជាជនជាតិចិន សម្រេចចិត្តបង្កើតក្លឹបមួយនេះឡើងក្នុងទឹកដីខេត្តព្រះសីហនុតែម្តង។ លោក ជិន រ៉ា បានបន្ថែមទៀតថា បច្ចុប្បន្ននេះក្លឹបមិនទាន់មានកូនសិស្សជាជនជាតិខ្មែរនៅឡើយទេ តែកំពុងប្រកាសស្វែករកអ្នកដែលចង់ហ្វឹកហាត់គុនខ្មែរនៅទីនោះដោយហាត់មិនយកកម្រៃ មានសំភារៈហ្វឹកហាត់គ្រប់គ្រាន់ ព្រមទាំងមានកន្លែងអោយស្នាក់នូវផងដែរ។ ដោយលោកក៏បានប្រាប់ MSR បន្ថែមទៀតថាៈ បើមានបងប្អូនខ្មែរណារស់នៅខេត្តព្រះសីហនុចង់ហាត់អាចទាក់ទងរូបលោកបាន និង មានទីតាំងនៅក្បែរផ្លូវវិថីឯករាជ្យ ចូលតាមច្រកផ្លូវ១២៥ ជិនរង្វង់មូលត្រីដូហ្វីន ក្លឹបដាក់ឈ្មោះថា “ឌឹដិនឆាយគុនខ្មែរ”។
សរុបមក នេះគឺជាឳកាសមួយដ៏ល្អសម្រាប់បងប្អូនរស់នៅខេត្តព្រះសីហនុ ដែលមានបំណងចង់ហាត់គុនខ្មែរដោយមិនអស់លុយ មានកន្លែងស្នាក់នូវស្រាប់ និងមានគ្រូមានបទពិសោធន៍ច្រើនឆ្នាំ ហើយក៏មិនបាច់ចំណាយពេលវេលានិងថវិកាដើម្បីមកផ្សងព្រេងហ្វឹកហាត់គុនខ្មែរនៅរាជធានីភ្នំពេញនោះឡើយ៕