Raphael Varane ត្រលប់មកហ្វឹកហាត់វិញហើយ
(BC-99)
តាមរយៈសារព័ត៌មាន The Sun បានឱ្យដឹងថាខ្សែការពារ Raphael Varane បានវឹលត្រលប់មកធ្វើការហ្វឹកហាត់ជាមួយសមាជិកក្រុម Manchester United វិញហើយក្រោយពីសះស្បើយពីរបួស។
បរាជ័យដោយក្រុមភ្ញៀវ Liverpool ៥-០ កាលពីចុងសប្តាហ៍មុននេះត្រូវបានគេមើលឃើញមួយជ្រុងទៀតថាមកពី United បានអវត្តមានកីឡាករបារាំង Raphael Varane ទើបធ្វើឱ្យមានចន្លោះប្រហោងយ៉ាងធំនៅតំបន់ការពារកណ្តាលស្របពេលដែល Hary Marguire មិនអាចបំពេញភារកិច្ចនេះបានល្អទេ។
កីឡាករវ័យ 28 ឆ្នាំរូបនេះបានទទួលរងរបួសនៅអំឡុងពេលប្រកួតពានរង្វាន់ Nations League ដែលក្រុមមាន់គក បារាំង បានឈ្នះ 2-1 លើក្រុម គោជល់ អេស្ប៉ាញ កាលពីដើមខែនេះ។
Varane ត្រូវបានព្យាករណ៍ថានឹងខកខានការប្រកួតជាមួយ Man Utd ច្រើនសប្តាហ៍រហូតដល់ខែក្រោយឯណោះប៉ុន្តែទីបំផុតរូបគេត្រូវបានអនុញ្ញាតិឱ្យចូលរួមប្រកួតបានឡើងវិញបន្ទាប់ពីក្រុមគ្រូពេទ្យបានបញ្ជាក់យ៉ាងច្បាស់ថាកីឡាកររូបនេះជាសះស្បើយពីរបួស ១០០% ហើយ។
វាជារឿងដ៏ល្អផងដែរសម្រាប់ក្រុមបិសាចក្រហមប្រសិនបើរូបគេអាចចូលរួមជួយក្រុមនៅក្នុងការប្រកួតនៅចុងសប្តាហ៍នេះបានវិញក្នុងខណៈពេលដែលក្លិប Man Utd កំពុងតែដាក់កំហិតឱ្យលោក Ole Gunnar Solksjaer ត្រូវតែដឹកនាំប្រកួតឱ្យបានល្អពេលប៉ះប្រកួតជាមួយមាន់ខ្នាយមាស Tottenham Hot Spur។