កីឡាករ និងក្រុមការងារបាល់ទាត់ជម្រើសជាតិកម្ពុជាបានប្រាក់រង្វាន់ម្នាក់៣០២៣ដុល្លារ
សហព័ន្ធកីឡាបាល់ទាត់កម្ពុជាបានរៀបចំពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសប្បុរសជនផ្សេងទៀត សម្រាប់ក្រុមកីឡាករជម្រើសជាតិកម្ពុជា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ដែលបានប្រព្រឹត្តឡើងនៅថ្ងៃទី ០៨ ខែវិច្ឆិកា ឆ្នាំ២០២១ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលលើផ្ទៃប្រទេស។
ប្រាក់រង្វាន់លើកទឹកចិត្តសរុបមានចំនួន ១៣មុឺនដូល្លារ ដែលទទួលបានពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ១០ម៉ឺនដុល្លារ ថវិកាផ្ទាល់របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ១ម៉ឺន ៥ពាន់ដុល្លារ ថវិកា លោក ចិន្តា (អតីតនាយអាវុធហត្ថ) ១ម៉ឺនដុល្លារ លោកឧកញ៉ា ឡេង ប្រុស ៥ពាន់ដុល្លារ សម្រាប់ប្រតិភូ និងកីឡាករជម្រើសជាតិ ៤៣នាក់ ដោយក្នុងម្នាក់ទទួលបានថវិកា ៣,០២៣ដុល្លារ។
ប្រាក់រង្វាន់នេះ គឺសម្រាប់លើកទឹកចិត្ត ករុមជម្រើសជាតិកម្ពុជាក្នុងការឆ្លងទៅវគ្គបន្ទាប់ជុំទី ៣ នៃពានរង្វាន់ AFC Asian Cup ក្រោយពីការយកឈ្នះហ្គាំទាំងពីរជើង ទោះក្នុងស្ថានភាពលំបាក ពុះពារក្នុងការប្រកួតទាំងដែលអវត្តមានសមាជិកមួយចំនួនដោយសារឆ្លងជំងឺកូវីដ ហើយនៅតែអាចនាំមកនូវជ័យជំនះដ៏មោទនភាពជូនជាតិកម្ពុជា។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឆ្លងទៅកាន់វគ្គជម្រុះជុំទី៣នៃពានរង្វាន់ AFC Asian Cup 2023 តាមរយៈជ័យជម្នះសរុបទាំង២ជើងទី៣ទល់នឹង១ លើក្រុមជម្រើសកោះហ្គាំ កាលខែតុលា ឆ្នាំ២០២១ នៅប្រទេសបារ៉ែន៕
ប្រភព ៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា