ស្រុត Stand នៅក្លិប Nijmegen នៃក្របខណ្ឌកំពូលហូឡង់ តែមិនមានអ្នករបួសទេ
Stand មួយកន្លែងនាកីឡដ្ឋាន Goffertstadion របស់ក្លិប NEC Nijmegen បានស្រុតកាលថ្ងៃអាទិត្យ ទី១៧ ខែតុលា ពេលអ្នកគាំទ្រក្លិប Vitesse Arnhem អបអរជ័យជម្នះលើក្រុមម្ចាស់ផ្ទះក្នុងការប្រកួតក្របខណ្ឌកំពូលហូឡង់។
ខណៈក្រុមអ្នកគាំទ្រលោតចុះលោតឡើងដើម្បីអបអរក្រោយចប់ការប្រកួតផ្លូវការ ស្រាប់តែ Stand នោះស្រុតចុះតែម្ដង តែមិនមានអ្នករងរបួសទេ។
លោក Hubert Bruls អភិបាលក្រុង Nijmegen បានអំពាវនាវឲ្យមានការស៊ើបអង្កេតហេតុការណ៍នេះ ហើយថា លោកពិតជាភ្ញាក់ផ្អើលចំពោះអ្វីដែលបានកើតឡើង។
លោក Bruls បានប្រាប់សារព័ត៌មានហូឡង់ De Telegraaf ថា “៖វាពិតជាសំណាងល្អណាស់ដែលមិនមានអ្នករបួស។ ខ្ញុំចង់ឲ្យមានការស៊ើបអង្កេតកាន់តែឆាប់។ តាមពិតកីឡដ្ឋានដែលត្រូវតែមានសុវត្ថិភាព បែរជាមានបញ្ហាបែបហ្នឹងទៅវិញ។”
អ្នកនាំពាក្យភ្នាក់ងារស៊ើបអង្កេតរបស់រដ្ឋាភិបាលដែលទទួលខុសត្រូវលើការស៊ើបអង្កេតឧបត្តិហេតុនិយាយថា មិនទាន់សម្រេចថា ត្រូវត្រួតពិនិត្យរឿងនេះឬអត់ទេ៕