ពានរង្វាន់ FIFA Club World Cup នឹងមាន៣២ក្រុមចាប់ពីឆ្នាំ២០២៥
FIFA បានប្រកាសថា ការប្រកួត Club World Cup ដែលមាន៣២ក្រុមលើកដំបូង នឹងចាប់ផ្ដើមពីឆ្នាំ ២០២៥ នៅសហរដ្ឋអាមេរិកចាប់ពីថ្ងៃទី១៥ ខែមិថុនាដល់ថ្ងៃទី១៣ ខែកក្កដា។
ការប្រកួតនេះនឹងមានក្លឹបមកពីសហព័ន្ធនីមួយៗក្នុងចំណោម៦សហព័ន្ធ ដោយទ្វីបអឺរ៉ុបមាន១២ក្រុម។
Chelsea, Real Madrid និង Manchester City មានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដោយស្វ័យប្រវត្តិជាអ្នកឈ្នះ Champions League ថ្មីៗបំផុតក្នុងរយៈ៤ឆ្នាំ។
Arsenal ក៏នឹងត្រូវចូលដែរ ប្រសិនបើពួកគេឈ្នះ Champions League នៅរដូវកាលនេះ។
Bayern Munich, Paris St-Germain, Inter Milan, Porto និង Benfica ក៏ទទួលបានកន្លែងនៅក្នុងការប្រកួតក្នុងឆ្នាំ២០២៥ តាមរយៈចំណាត់ថ្នាក់របស់ពួកគេ។
ប្រធាន FIFA លោក Gianni Infantino បានបញ្ជាក់ពីព័ត៌មាននេះក្នុងកិច្ចប្រជុំមួយក្នុងទីក្រុង Jeddah ប្រទេសអារ៉ាប៊ីសាអូឌីត កាលពីថ្ងៃអាទិត្យ៕