ឪពុក Maguire រងរបួសប្រេះឆ្អឹងជំនីដោយសារបញ្ហាជាន់គ្នានៅកីឡដ្ឋាន Wembley
Harry Maguire បង្ហើបថា ឪពុករបស់គេបានរងរបួសប្រេះឆ្អឹង ក្រោយប៉ះពាល់ពីការប្រទូសរ៉ាយនៅកីឡដ្ឋាន Wembley។
ខ្សែការពារជម្រើសជាតិអង់គ្លេសប្រាប់សារព័ត៌មាន the Sun បែបនេះ “៖វាពិតជាគួរឲ្យខ្លាច។ វាមិនមែនជាបទពិសោធល្អទេ។ ឪពុករបស់ខ្ញុំពិតជារន្ធត់ និងភ័យខ្លាចមែនទែន។ គាត់របួសប្រេះឆ្អឹងហ្នឹង ដោយសារតែការរត់ជាន់គ្នានៅ Wembley។”
កីឡាករ Manchester United បន្ថែមបែបនេះ “៖ ខ្ញុំអត់បាននិយាយអ្វីច្រើនជាមួយគាត់ទេ តែសំណាងល្អដែរដែលអត់មានក្មេងៗក្នុងគ្រួសារទៅមើលថ្ងៃប្រកួតហ្នឹង។ ខ្ញុំមិនចង់ឲ្យនរណាឆ្លងកាត់អារម្មណ៍បែបហ្នឹងពេលពួកគេទៅមើលការប្រកួតដល់ទីលានទេ។ សង្ឃឹមថា ពួកយើងនឹងបានរៀនសូត្រពីបទពិសោធនេះ និងមិនឲ្យវាកើតឡើងទៀតទេ។”
បើតាមប្រភពមួយប្រាប់ថា ឪពុករបស់ Harry Maguire គឺលោក Alan Maguire ក៏មានបញ្ហាឈឺចាប់ខ្លះដែរ តែនៅតែព្យាយាមទៅមើលការប្រកួតរហូតដល់ចប់។ ក្រោយការប្រកួតគាត់មានអារម្មណ៍រាងថប់ៗ ពិបាកដកដង្ហើម ហើយក៏ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។ ក្រោយឆែកមើលទៅ គេឃើញឆ្អឹងជំនីរបស់គាត់ប្រេះ។
ទស្សនាការប្រកួតនៅ Wembley ជាបទពិសោធដ៏ពិសេស ប៉ុន្តែ Maguire មើលឃើញការប្រកួតវគ្គផ្ដាច់ព្រ័ត្រ Euro ថ្មីៗនេះពិតជារឿងដ៏គួរឲ្យតក់ស្លុត ព្រោះអ្នកគាំទ្រមួយចំនួនបានបញ្ចេញសកម្មភាពជ្រុលពេក ដែលមានទាំងការប្រតាយប្រតប់គ្នាទៀត៕