នាយកក្លិប Bologna រំលឹកដល់ Spurs និង Atalanta ជុំវិញការចង់បានកីឡាករជប៉ុន Tomiyasu
(BC-99)
លោក Walter Sabatini នាយករបស់ក្លិបបាល់ទាត់ Bologna បានរំលឹកថាខ្សែការពារ Takehiro Tomiyasu ដែលជាគោលដៅរបស់ក្រុម Tottenham និង Atalanta នឹងត្រូវលក់ឱ្យក្លិបណាផ្សេងទៀតក៏បានឱ្យតែត្រឹមត្រូវតាមល័ក្ខខ័ណ្ឌចង់បានរបស់ពួកគេ។
នាយកក្លិបសញ្ជាតិ អ៊ីតាលី Sabatini រូបនេះបាននិយាយប្រាប់សារព័ត៌មាន Calciomercato.it ថា៖ “ បើទោះជាពេលនេះមានតែ Bologna បានចូលកៀកក្នុងការបញ្ចប់កិច្ចព្រមព្រៀងទិញយក Tomiyasu ក៏ដោយក៏មិនទាន់ស្ថិតក្នុងដំណាក់កាលព្រមព្រៀងទាំងស្រុងនៅឡើយទេ។ មានក្លិបធំមួយនៅ Premier League ដែលបានទាក់ទងមកពួកយើងដែរ។ វាច្បាស់ណាស់ថា Tomiyasu នឹងអាចផ្លាស់ប្តូរទៅក្លិបណាផ្សេងទៀតខុសពី Bologna ។ ដូច្នេះវាពិតជាលំបាកណាស់ក្នុងការសម្រេចចិត្តដែលខ្វែងគំនិតគ្នារវាងក្លិបនិងសមីកីឡាករ”។
គួររំលឹកដែរថា Takehiro Tomiyasu វ័យ ២២ ឆ្នាំបានចូលរួមជាមួយ Bologna នៅឆ្នាំ ២០១៩ ក្រោយពីប្តូរចេញពីក្លិបនៅ បែលហ្ស៊ិក Sint-Truiden ។ ការដែលចង់លក់កីឡាករ ជប៉ុន នេះចេញទៅវិញក៏ដោយសារតែ Bologna មានទំនាក់ទំនងជាមួយ Marko Arnautovic ដែលកំពុងព្យាយាមចាកចេញពី Shanghai SIPG ដែរ។