
Barcelona ត្រៀមនាំកីឡាករខ្លួន៤រូបឡើងប្តឹងផ្តល់តាមផ្លូវច្បាប់នៅតុលាការ
Barcelona បានត្រៀមនាំយកកីឡាករខ្លួន៤រូបឡើងប្តឹងផ្តល់នៅតុលាការ បើពួកគេមិនយល់ព្រមលុបចោលការបន្តកុងត្រាថ្មី ដែលបានចុះហត្ថលេខាកាលពី២ឆ្នាំមុន។
កីឡាករទាំង៤រូប ដែលកំពុងមានបញ្ហាគឺ ខ្សែបម្រើ Frenkie de Jong, ខ្សែការពារ Gerard Pique, ខ្សែការពារ Clement Lenglet និងអ្នកចាំទី Marc-Andre ter Stegen។
ពួកគេបានចុះហត្ថលេខាបន្តកុងត្រាថ្មីក្នុងឆ្នាំ2020 ដោយយល់ព្រមកាត់បន្ថយប្រាក់ឈ្នួល ដើម្បីជួយសម្រួលក្លិបដែលកំពុងជួបវិបត្តិហិរញ្ញវត្ថុ តែក៏មានលក្ខខណ្ឌនឹងផ្តល់ប្រាក់ឈ្នួលដូចដើមវិញសម្រាប់កិច្ចសន្យាថ្មីនៅ១ឆ្នាំបន្ទាប់។
ឥឡូវនេះ ក្រុមប្រឹក្សាភិបាលបច្ចុប្បន្នដឹកនាំដោយប្រធានក្លិបលោក Joan Laporta បានរកឃើញភស្តុតាងមិនប្រក្រតីនៃការបន្តកុងត្រាថ្មីរបស់កីឡាករទាំង៤រូប។ ក្លិបបានបញ្ចុះបញ្ចូល ពួកគេលុបចោលកុងត្រាថ្មីឬបោះបង់ការដំឡើងប្រាក់ឈ្នួល តែបើកីឡាករទាំង៤មិនយល់ព្រម នោះក្លិបនឹងត្រូវរៀបចំសំណុំឯកសារទៅកាន់ការិយាល័យព្រះរាជអាជ្ញាតែម្តង។
អត្ថបទ ៖ F11