អតីតយុវជន U16 Barca ម្នាក់ថាកីឡាករវៀតណាមមួយរូបនេះលេងស្រដៀង Alonso
កីឡាករបរទេស៣នាក់ក្នុងក្របខណ្ឌ V-League ដែលមាន Hendrio Araujo, Daisuke Matsui និង Karube Ryutaro សុទ្ធតែបានលើកសរសើរខ្សែបម្រើវៀតណាម Luong Xuan Truong នៃក្លិប Hoang Anh Gia Lai។
កាលជុំទី៣នៃក្របខណ្ឌកំពូលវៀតណាម ២០២១កន្លងទៅ ក្លិប Binh Dinh បានទៅប្រកួតនៅផ្ទះ Hoang Anh Gia Lai តែត្រូវបានលើកពេលវិញដោយសារជំងឺកូវីដ១៩។ ដោយឡែក Hendrio Araujo របស់ក្លិប Binh Dinh បង្ហើបថា គេបានមើលការប្រកួតរបស់គូប្រជែងមួយនេះរហូតមក។
អតីតយុវជន U16 Barcelona ថ្លែងបែបនេះ “៖យើងត្រៀមខ្លួនបានយ៉ាងល្អសម្រាប់ការប្រកួតតទល់ Hoang Anh Gia Lai។ ខ្ញុំគិតថា លេខ៦ (Xuan Truong) និងលេខ១០ (Cong Phuong) ជាកីឡាករសំខាន់២រូប។ លេខ៦ពូកែបញ្ជូនបាល់វែង និងប៉ិនលេងមុខខ្សែការពារ។ តួនាទីរបស់គេស្រដៀង Sergio Busquets នៅ Barca តែលេងបាល់ខ្លី។ បើនិយាយរឿងលេងស្រដៀងវិញ គឺស្រដៀង Xabi Alonso ព្រោះពូកែបញ្ជូនបាល់វែងដូចគ្នា។ Xuang Truong ពូកែប្ដូរពីការពារទៅប្រយុទ្ធយ៉ាងលឿន។ បើនៅវៀតណាមវិញ លេងបែបនេះសំខាន់ណាស់ ព្រោះក្លិបជាច្រើនចូលចិត្តលេងការពារ។”
Araujo (អាវកាក់ខៀវ)
ចំណែក Daisuke Matsui និង Karube Ryutaro ក៏បានសរសើរថា Luong Xuan Truong ជាកីឡាករដ៏មានទេពកោសល្យដូចគ្នា។
គួរដឹងដែរថា Luong Xuan Truong បានផ្ដើមហ្វឹកហាត់បាល់ទាត់នៅថ្នាល Hoang Anh Gia Lai ពីឆ្នាំ២០០៧ដល់២០១៤ ដែលកាលណោះក្រោមការសហការជាមួយក្លិប Arsenal នៃប្រទេសអង់គ្លេស។ គេត្រូវបានដំឡើងចូលក្រុមធំឆ្នាំ២០១៥ និងធ្លាប់ទៅក្លិបកំពូលកូរ៉េខាងត្បូង Incheon United ឆ្នាំ២០១៦ និង Gangwon FC ឆ្នាំ២០១៧ លើកិច្ចសន្យាខ្ចី។ ឆ្នាំ២០១៩ កីឡាករវ័យ២៥ឆ្នាំរូបនេះត្រូវបានក្លិបកំពូលថៃ Buriram United ខ្ចីជុំទីមួយ និងលេងបាន៩ប្រកួត ទាត់ចូលមួយគ្រាប់។ គេវិលទៅ Hoang Anh Gia Lai វិញក្នុងជុំទី២ ដោយសារបញ្ហារបួស៕