UEFA ពិន័យអង់គ្លេស៤ករណីថ្មីទៀតហើយ
សារព័ត៌មាន Daily Mail ចុះផ្សាយថា សហព័ន្ធកីឡាបាល់ទាត់អឺរ៉ុប (UEFA) នឹងពិន័យសមាគមកីឡាបាល់ទាត់អង់គ្លេស៤ករណីថ្មីៗទៀតហើយ ដោយសារតែមិនអាចគ្រប់គ្រងអ្នកគាំទ្របានក្នុងព្រឹត្តិការណ៍ Euro 2020 កន្លងទៅ។
ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅកីឡដ្ឋាន Wembley បង្ហាញថា ក្រុមម្ចាស់ផ្ទះមួយនេះខ្សោយការរៀបចំ។ ក្រុមអ្នករៀបចំបានបើកដៃឲ្យប្រិយមិត្តដែលមិនមានសំបុត្រចូលពាសពេញបិរវេណកីឡដ្ឋាន ហើយក៏មានការវាយតប់គ្នារវាងអ្នកមានសំបុត្រ និងអ្នកមិនមានសំបុត្រថែមទៀត។ គេសន្និដ្ឋានថា អ្នកអត់សំបុត្រដល់ទៅ៥០០០នាក់បានចូលដល់កន្លែងអង្គុយ។
មិនតែប៉ុណ្ណឹងទេ អ្នកគាំទ្រអង់គ្លេសថែមទាំងដុតភ្លើង, ចោលរបស់របរលើទីលានអំឡុងការប្រកួត ហើយឌឺដងពេលអ៊ីតាលីកំពុងគោរពភ្លេងជាតិទៀត។ UEFA នឹងបើកការអង្កេតដោយខ្លួនឯងលើបញ្ហាអសន្តិសុខនេះ។
តាមពិតទៅ UEFA ក៏ទើបពិន័យអង់គ្លេស៣ម៉ឺនអឺរ៉ូរឿងបាញ់ឡាស៊ែដាក់ភ្នែកអ្នកចាំទីដាណឺម៉ាក Kasper Schmeichel, ឌឺដងដាណឺម៉ាកពេលគោរពភ្លេងជាតិ និងការគប់កាំជ្រួចនៅ Wembley។ បញ្ហាទាំងអស់នេះអាចប៉ះពាល់ដល់គម្រោងអង់គ្លេសដេញថ្លៃធ្វើម្ចាស់ផ្ទះ World Cup 2030៕