គ្រូកម្ពុជាថាក្រុមរីកចម្រើនច្រើនបើទោះចាញ់ ខណៈគ្រូសិង្ហបុរីសរសើរកម្ពុជាថាលេងល្អជាងមុន (មានវីដេអូ)
ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា បានរងបរាជ័យជាលើកទី២ក្នុងចំណោមការប្រកួតមិត្តភាពអន្តរជាតិ៣លើក ក្រោយត្រូវសឹង្ហបុរី វាយបកយកឈ្នះដោយលទ្ធផល១ទល់នឹង២ កាលពីម្សិលមិញនាពហុកីឡដ្ឋានជាតិ។
ក្រុមដែលដឹកនាំដោយអ្នកចាត់ការ Keisuke Honda បាននាំមុខមួយគ្រាប់មុននៅវគ្គទី១ តាមរយៈបាល់ចូលទីខ្លួនឯងពីភាគីសឹង្ហបុរី។ លុះចូលដល់វគ្គទី២ ក្រុមរួមតំបន់អាស៊ីអាគ្នេយ៍ដដែលបានវាយបកយក២គ្រាប់មកវិញ ហើយលទ្ធផលនេះក៏បន្តរហូតដល់ចប់វគ្គទី២តែម្តង។
ដោយឡែកលោក Felix Agustin Gonzalez Dalmas គ្រូបង្វឹករបស់ក្រុមកម្ពុជាបានបញ្ជាក់ថាក្រុមរបស់លោកមានការរីកចម្រើនច្រើនបើធៀបនឹងប្រកួតមុន ទោះជាលទ្ធផលមិនល្អក៏ដោយ។ គ្រូបង្វឹកអាហ្សង់ទីនរូបនេះបង្ហើបទៀតថាកម្ពុជានៅមានចំណុចច្រើនត្រូវបន្ថែម ដោយកម្ពុជាត្រូវការពេលទៀត ដើម្បីឈានឡើងម្ដងបន្តិចៗ។
ខណៈលោក Fandi Ahmad គ្រូបង្វឹករបស់ក្រុមសិង្ហបុរីបានឲ្យដឹងថាក្រុមកម្ពុជាលេងបានល្អក្នុងការប្រកួតនេះ ដោយតែងតែបង្កគ្រោះថ្នាក់ដល់ក្រុមលោកជានិច្ច។ គ្រូសិង្ហបុរីបានបន្ថែមទៀតថា លោកមើលឃើញថាកម្ពុជាលេងបានល្អ ជាពិសេសតំបន់បម្រើប្រយុទ្ធ ដោយកម្ពុជាពិតជារីកចម្រើនច្រើនមែនទែនក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ។
គួរបញ្ជាក់ថា ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា នឹងត្រូវបើកយុទ្ធនាការ AFF Suzuki Cup 2018 នៅថ្ងៃទី០៨ ខែវិច្ឆិកា ទទួលស្វាគមន៍ម៉ាឡេស៊ី នៅពហុកីឡដ្ឋានជាតិ៕
ទស្សនាវីដេអូហាយឡាយ៖