Son Heung-min សុំទោសអ្នកគាំទ្រ Spurs ព្រោះត្រូវចាកចេញទៅធ្វើរឿងមួយឲ្យកូរ៉េខាងត្បូង
ដោយសារត្រូវទៅបំពេញបេសកកម្មជាមួយកូរ៉េខាងត្បូង ក្នុងព្រឹត្តិការណ៍ Asian Games នៅឥណ្ឌូនេស៊ី កីឡាករវ័យ ២៦ឆ្នាំ Son Heung-min បានសុំទោសអ្នកគាំទ្រក្រុម Tottenham Hotspurs។ សុំទោស ព្រោះថាគេប្រហែលជាអាចបាត់មុខពីការប្រកួត ប្រហែលជាអាច ២ ឬ ៣ដង ក្នុងពេលបើករដូវកាល English Premier League រដូវកាល 2018-2019 ។
សម្រាប់ Son ការទៅបំពេញបេសកកម្មឲ្យប្រទេសជាតិ ជារឿងសំខាន់ ព្រោះថាប្រសិនបើគេមិនអាចស្វែងរកកិត្តិយសឲ្យប្រទេសជាតិ ឲ្យបានមុនអាយុ ២៨ឆ្នាំនោះទេ គេនឹងត្រូវចូលខ្លួនទៅបម្រើកងទ័ព នៅកូរ៉េខាងត្បូង។ នេះគឺជាសម្ពាធមួយបំផុត សម្រាប់ Son ព្រោះថាគេទើបតែបានចុះកុងត្រាបន្តជាមួយ ក្រុមមាន់ខ្នាយមាស រហូតដល់ឆ្នាំ ២០២៣។
សូមបញ្ជាក់ថា ច្បាប់របស់កូរ៉េខាងត្បូង កំណត់ថាបុរសទាំងអស់ ត្រូវតម្រូវឲ្យចូលបម្រើក្នុងជួរកងទ័ព នៅមុនអាយុ ២៨ឆ្នាំ។ ប៉ុន្តែ ក៏មានការលើកលែង ចំពោះតារា កីឡាករល្បី ដែលទទួលជោគជ័យសម្រាប់ប្រទេសជាតិ។
Son បាននិយាយថា៖ «ខ្ញុំសោកស្តាយ ព្រោះ Tottenham គឺជាក្រុមរបស់ខ្ញុំ ហើយខ្ញុំពិតជាសុំទោស ដែលត្រូវចាកចេញពីមិត្តរួមក្រុមមួយរយៈ។ ខ្ញុំត្រូវទៅលេងសម្រាប់ប្រទេសជាតិខ្ញុំ ហើយវាពិតជាសំខាន់ណាស់ ប៉ុន្តែនិយាយតាមត្រង់ ខ្ញុំពិតជាមានអារម្មណ៍ស្តាយមែន»។
គួរជម្រាបជូនថា ព្រឹត្តិការណ៍កីឡា Asian Games នឹងចាប់ផ្តើមបើកធ្វើពី ថ្ងៃទី ១៨ខែសីហា ដល់ថ្ងៃទី ២ខែកញ្ញា ឆ្នាំ ២០១៨ ក្នុងទីក្រុង ហ្សាកាតា និងប៉ាឡឹមបាង របស់ឥណ្ឌូនេស៊ី៕