
Man UTD ពិន័យខ្សែប្រយុទ្ធ Anthony Martial ២៣ម៉ឺនដុល្លារក្រោយអវត្តមានដោយមិនមានច្បាប់
ក្រុមបិសាចក្រហម Manchester United បានពិន័យខ្សែប្រយុទ្ធ Anthony Martial ក្រោយពីអវត្តមានដោយមិនមានច្បាប់សម្រាប់ការប្រកួតមិត្តភាពកំដៅសាច់ដុំនៅសហរដ្ឋអាមេរិក។
កីឡាករបារាំងបានសុំចាកចេញពីទឹកដីសហរដ្ឋអាមេរិកទៅទីក្រុងប៉ារីស ប្រទេសបារាំង ដើម្បីទៅមើលមិត្តស្រីរបស់ខ្លួនសម្រាលកូន។ យ៉ាងណាក្ដីជាង១សប្ដាហ៍មកហើយ អតីតសមាជិក AS Monaco មិនបានបង្ហាញវត្តមានវិញឡើយជាមួយក្រុមលោក Jose Mourinho។

រូបភាពកូនរបស់ Anthony Martial ដែលបានបង្ហោះតាមបណ្តាញសង្គម Instagram
ដោយឡែកអ្នកចាត់ការសញ្ជាតិព័រទុយហ្គាល់ក៏បានធ្វើការរិះគន់កូនក្រុមរបស់ខ្លួន Anthony Martial ថា៖ “កូនរបស់គេបានសម្រាលហើយដោយមានសុខភាពល្អ អរគុណព្រះជាម្ចាស់។ គេគួរតែត្រលប់មកជួយក្រុមវិញ ប៉ុន្តែគេមិនបានត្រលប់មកវិញឡើយ។”
យោងតាមសារព័ត៌មាននៅអង់គ្លេសបានចេញផ្សាយថា កីឡាករវ័យ២២ឆ្នាំនឹងត្រូវបង់ទឹកប្រាក់ចំនួន ២៣ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដល់ក្លឹប ចំពោះអវត្តមានដោយមិនមានច្បាប់នេះ ហើយថែមទាំងទទួលពិន័យផ្សេងទៀតផងដែរ។