តោះមកដឹងថានរណាធ្វើឱ្យ ឆេង ម៉េង ប្រែពីក្មេងលេងបាល់ដាក់លុយតាមភូមិក្លាយជាកីឡាករអាជីពដល់សព្វថ្ងៃនេះ
ខ្សែការពារស្លាប ឆេង ម៉េង ដែលកំពុងប្រកបអាជីពជាកីឡាករបាល់ទាត់នាក្លិប វិសាខា នាក្របខណ្ឌលីគកំពូលកម្ពុជា បានរៀបរាបកាលពីមុនចូលខ្លួនក្នុងវិស័យមួយនេះថា ចិត្តស្រលាញ់បាល់ទាត់ ហើយបានត្រឹមតែលេងនៅតាមភូមិ ប៉ុន្តែអ្នកខេត្តកោះកុងរូបនេះចាំមិនភ្លេចទេខ្សែប្រយុទ្ធ ជិន ជុំ ដែលបានណែនាំមកធ្វើតេស្តឱ្យក្លាយជាកីឡាករអាជីពដល់បច្ចុប្បន្ននេះ។
ឆេង ម៉េង ថតរូបជាមួយ ជិន ជុំ
កីឡាករវ័យ ២២ឆ្នាំ បានប្រាប់ក្រុមការងារ MSR ថា៖ មុនក្លាយជាកីឡាករបាល់ទាត់នេះ ពីក្មេងខ្ញុំគ្រាន់តែដឹកថាខ្ញុំចូលចិត្តលេងបាល់ ហើយលេងបាល់ដាក់លុយតាមភូមិ ១គ្រាប់ ១០០រៀល ថ្ងៃមួយខ្ញុំបានជួបជាមួយបងប្រុស ជិន ជុំ ដែលគាត់រស់នៅខេត្តកោះកុងដូចគ្នានឹងជាកីឡាករបាល់ទាត់ស្រាប់ គាត់ឃើញសមត្ថភាពខ្ញុំគ្រាន់បើក៏បានណែនាំឱ្យមកធ្វើតេស្តនៅក្លិប ណាហ្គាវើលដ៍ (ឈុតធំ) ហើយជាប់ក្លាយជាកីឡាករអាជីពពីពេលនោះមក។ ខ្ញុំក៏បានតស៊ូខំប្រឹងប្រែងហ្វឹកហាត់ទោះបានប្រាក់ខែតិចតួចក្តី(80$) ដោយសារតែយើងជាកីឡាករវ័យក្មេងមិនទាន់មានបទពិសោធន៍គ្រាប់គ្រាន់។
គួរបញ្ជាក់ផងដែរថា ឆេង ម៉េង បានចាប់ផ្តើមលេងដំបូងជាមួយក្លិប ណាហ្គាវើលដ៍ ចាប់ពីឆ្នាំ២០១៤ ដល់ឆ្នាំ២០១៨ ខណៈដែលទើបផ្លាស់មកក្លិប វិសាខា នាឆ្នាំ២០១៩ ថ្វីបើជាក្មេងលេងបាល់តាមភូមិ តែត្រឹមមួយឆ្នាំបន្ទាប់ ពោលគឺ ២០១៥ ខ្សែការពារវ័យក្មេងនេះបានជាប់ជម្រើសជាតិកម្ពុជា(ឈុតធំ) នឹងបានជាប់ U-19, U-22 នឹង U-23 ស្របពេលដែលឈុតធំបានបង្ហាញខ្លួន ៩ លើកមកដល់បច្ចុប្បន្ននេះ៕