តាញ់ មករា ថាប៉ះ វាន់ថង លើកនេះចាញ់ ឬ ឈ្នះ នឹងអស់ចិត្ត
ក្រោយសម្រាកមួយសប្តាហ៍ដោយសារបញ្ហាវីរុសកូវីដ១៩ កម្មវិធីប្រដាល់គុនខ្មែរបានវិលមក វិញក្នុងសប្តាហ៍នេះហើយដែលគុនខ្មែរជួរមុខមួយចំនួនត្រូវប៉ះគ្នាក្នុងនោះអ្នកប្រដាល់គុនខ្មែរ វ័យក្មេងពីររូបដែលប៉ងប៉ះគ្នាជាយូរមកហើយនោះត្រូវបានផ្តួរផ្គងអោយជួបគ្នាបានសម្រេចក្នុងកម្មវិធីកម្ពុជាសង្វៀនគុនខ្មែរ ។
អ្នកប្រដាល់នៃក្លិបក្រសួងការពារជាតិ តាញ់ មករា ដែលធ្លាប់ចាញ់ ឈុត សេរីវាន់ថង ក្នុងវគ្គ ផ្តាច់ព្រ័ត្រដណ្តើមពាន ISI នាសង្វៀន ស៊ី អ៊ិន ស៊ិ នោះត្រូវបានរៀបចំអោយជួបរាហ៊ូមាស ឈុត សេរីវាន់ថង តាមសំណូមពររបស់គេបានសម្រេច ។ កូនសិស្សរបស់លោក ធន់ សុភា បង្ហាញអារម្មណ៍សប្បាយចិត្តដែលបានជួបដៃគូចាស់ដូចបំណង ហើយបញ្ជាក់ថាសម្រាប់ការប្រកួតនេះឈ្នះរឺចាញ់រូបគេនឹងអស់ចិត្ត ពីព្រោះការចាញ់លើកទី១ដោយមានបញ្ហារាងកាយមិនអំណោយផល ប៉ុន្តែលើកនេះត្រៀមបានយ៉ាងល្អ ។
តាញ់ មករា ដែលជាជើងឯកកម្ពុជាសង្វៀនគុនខ្មែរក្រុមទី១ធ្លាប់ប្រកាសថារូបគេចង់ប៉ះ ឈុត សេរីវាន់ថង ជាថ្មីម្តងទៀត ខណៈអ្នករៀបចំកម្មវិធីបានរៀបចំអោយពួកគេប៉ះគ្នានាព្រឹកថ្ងៃ សៅរ៍ ទី ០៤ ខែ មេសា ឆ្នាំ ២០២០ វេលាម៉ោង ៨ ព្រឹកដែលមានផ្សាយផ្ទាល់តាមទូរទស្សន៍ CTN CNC និង MYTV ៕