វៀត ប៊ុនឌឿន ចង់ឈ្នះខ្សែក្រវាត់១នឹងគេក្នុងអាជីពគុនខ្មែរ
មានរយៈពេលជិត១០ឆ្នាំហើយដែលអ្នកប្រដាល់គុនខ្មែរ វៀត ប៊ុនឌឿន បានចាប់អាជីពឡើងរេញ ប៉ុន្តែគេមិនដែលទទួលបានខ្សែក្រវាត់ណាមួយឡើយ ដោយធ្លាប់បានតែពានរង្វាន់ និងមេដាយការប្រកួតថ្នាក់ជាតិប៉ុណ្ណោះ។
សិស្សគុនក្លិបគុហាព្រហ្មជ័យទទូចថា ការគ្រងខ្សែក្រវាត់ពិតជាបំណងដ៏ធំមួយរបស់គេក្នុងអាជីព ជាពិសេសមុនព្យួរហ្គង់ យ៉ាងហោចណាស់ក៏អាចដណ្ដើមបានជើងឯកណាមួយដែរ។
ដូច្នេះហើយគេអះអាងនឹងដាក់ចិត្ត ប្រឹងប្រែងហ្វឹកហាត់ កាត់បន្ថយការដើរលេងដើម្បីសម្រេចបំណងមួយនេះ។
គួរដឹងដែរថា វៀត ប៊ុនឌឿន បានចូលប្រឡូកអាជីពគុនខ្មែរ ដោយមានការជ្រោមជ្រែងពីរៀមច្បង វង្ស ណយ។ ដំបូងឡើយគេហ្វឹកហាត់នៅសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ មុនផ្លាស់ទៅគុហាព្រហ្មជ័យរបស់លោក ជា រិទ្ធ ប្រហែល៣ឆ្នាំចុងក្រោយ។
ការចាប់អាជីពគុនខ្មែរបានជួយសម្រួលជីវភាពរបស់គេឲ្យបានប្រសើរ។ ជាក់ស្ដែងមួយខែៗគេអាចប្រកួតយ៉ាងហោច២ដង ឬពេលខ្លះដល់៤ដង ហើយតម្លៃខ្លួនពីចន្លោះ៣៥០ដុល្លារទៅដល់៤០០ដុល្លារអាមេរិក។ គេពិតជាពេញចិត្តក្នុងការចាប់អាជីពឈឺសាច់នេះ។
វៀត ប៊ុនឌឿន បច្ចុប្បន្នប្រកួតក្នុងប្រភេទទម្ងន់៦០ និង៦៣គីឡូក្រាម៥០០។ គេថា ប្រកួតទម្ងន់៦០ងាយស្រួលម្យ៉ាងដោយកីឡាករផ្សេងៗមានមាឌតូចៗជាង តែគេពិបាកសម្រក។ ចំណែកទម្ងន់៦៣គីឡូក្រាម៥០០ មិនពិបាកធ្វើគីឡូ តែគូប្រកួតភាគច្រើនមានមាឌធំៗ៕