
វ៉ាន់ វឿន បារម្ភតែរឿង២នេះទេពេលប្រកួតស៊ីហ្គេម ឆ្នាំនេះ
វ៉ាន់ វឿន ត្រូវបានជ្រើសរើសចូលជម្រើសជាតិគុនខ្មែរត្រៀមប្រកួតស៊ីហ្គេម នៅវៀតណាម ក្នុងខែឧសភា ខាងមុខនេះ ជំនួសបេក្ខភាពរបស់អេលីត ចំរើន ក្នុងប្រភទទម្ងន់៥៧គីឡូក្រាម។
ម្ចាស់មេដាយសំរឹទ្ធ២គ្រឿង វ៉ាន់ វឿន ទទូចថា ត្រៀមបានយ៉ាងល្អសម្រាប់ព្រឹត្តិការណ៍កម្រិតតំបន់។ ក្នុងការត្រៀមខ្លួនលើកនេះ កីឡាករមកពីក្លិបឃ្លាំងមឿងកីឡា អះអាងថា មិនមានបញ្ហាអ្វីទេចំពោះគុណផលរបស់ខ្លួន តែបារម្ភពីបញ្ហាអាកាសធាតុ និងការរាលដាលកូវីដ១៩។
ការប្រកួតនៅវៀតណាមនឹងប្រព្រឹត្តទៅនៅរដ្ឋធានីហាណូយ ដែលមានអាកាសធាតុត្រជាក់។ យ៉ាងណា សម្រាប់ វ៉ាន់ វឿន ធ្លាប់បានប្រកួតស៊ីហ្គេម២លើកមកហើយ ដោយលើកទី១ ឆ្នាំ២០១៧ គេបានមេដាយសំរឹទ្ធ និងនៅហ្វីលីពីន ក៏បានសំរឹទ្ធដូចគ្នា៕