ការយល់ឃើញរបស់ Solskjaer ទៅលើគ្រួសារ Glazer ពីរឿងលក់ក្លិប Man Utd
(BC-99)
ក្រោយពីបានរួមគ្នាជាមួយក្លិប៥ផ្សេងទៀតដកខ្លួនចេញពីគម្រោង Super League រួចមកស្រាប់តែនមានដំណឹងថាបងប្អូនត្រកូល Glazer ដែលជាម្ចាស់ភាគហ៊ុនធំរបស់ក្លិបបិសាចក្រហម Manchester United មានបំណងចង់លក់ហ៊ុនទាំងអស់របស់ខ្លួនចេញ លោក Ole Gunnar Solskjaer បាននិយាយពីការយល់ឃើញរបស់ខ្លួនចំពោះរឿងនេះ។
គ្រូបង្វឹកសញ្ជាតិណ័រវេយ៍រូបនេះបាននិយាយប្រាប់អ្នកសារព័ត៌មានថាគ្មានការជម្រុញឱ្យម្ចាស់ក្លិបលក់ភាគហ៊ុនរបស់ខ្លួនចោលឡើយលោក Solskjaer បាននិយាយយ៉ាងដូច្នេះថា៖ “យើងបានទទួលការសុំទោសពីលោក Joel ហើយនោះជារឿងសំខាន់។ គាត់បានប្រាប់យើងពីការប្តេជ្ញាចិត្តរបស់គាត់ក្នុងការជួយយើងឱ្យឆ្ពោះទៅមុខ។ ការរួបរួមគ្នានិងការយោគយល់ពីអ្នករាល់គ្នាដើម្បីឆ្ពោះទៅកាន់គោលដៅតែមួយគឺជាមធ្យោបាយល្អបំផុត។ ខ្ញុំមានទំនាក់ទំនងបើកចំហរនិងល្អជាមួយពួកគេហើយពួកគេបានគាំទ្រខ្ញុំយ៉ាងខ្លាំង។ ពួកយើងបាននិយាយគ្នាជាមួយកីឡាករថាយើងនឹងប្តេជ្ញាទាំងអស់គ្នាធ្វើឱ្យក្លិបកាន់តែប្រសើរឡើង” ។
គួរបញ្ជាក់ថាមានដំណឹងបែកធ្លាយកាលពីពេលថ្មីៗនេះដែលម្ចាស់ភាគហ៊ុនក្លិប Man Utd បានសួរពីតម្លៃរបស់ក្លិបខ្លួននៅលើទីផ្សារនាពេលបច្ចុប្បន្នដែលនាំឱ្យគេរាល់គ្នាយល់ឃើញថាត្រកូល Glazer ចង់លក់ក្លិបដ៏ល្បីល្បាញមួយនេះ។