កីឡាករបាល់ទាត់ជើងចាស់អ៊ុយរុយហ្គាយម្នាក់លេងដល់ទៅជាង៣០ក្លិបជាប់កំណត់ត្រា Guiness
អតីតកីឡាករជម្រើសជាតិអ៊ុយរុយហ្គាយ Sebastian Abreu មិនមានចេតនាចង់ចូលនិវត្តន៍ទេនៅអាយុ ៤៤ ឆ្នាំហើយទើបតែចុះកុងត្រាជាមួយក្លិប Athletic ក្នុងប្រទេសប្រេស៊ីល។
សារព័ត៌មាន Marca បានឲ្យដឹងថា Abreu កំពុងហ្វឹកហាត់យ៉ាងខ្លាំងដោយខ្លួនឯងនៅផ្ទះ មុនហោះទៅប្រេស៊ីលសប្តាហ៍ក្រោយ ដើម្បីបំពេញនីតិវិធីក្នុងការចូលរួមក្លិប Athletic ប្រកួតបាល់ទាត់ Campeonato Mineiro ។ គេនឹងលេងនៅរដូវកាលថ្មីដោយចាប់ផ្តើមនៅចុងខែកុម្ភៈ។
លោក Fabio Mineiro គ្រូបង្គោលក្លិប Athletic បាននិយាយថា “ខ្ញុំបានទៅប្រទេសអ៊ុយរុយហ្គាយ ហើយបានឃើញ Abreu មានកាយសម្បទាល្អណាស់។ ខ្ញុំបានមើលគាត់លេងពីរប្រកួត។ ។ Abreu មានជំនាញណាស់សមនឹងផែនការក្រុម ហើយអាចជួយយើងពង្រីកវិសាលភាពក្នុងលក្ខណៈអន្តរជាតិ។”
Athletic នឹងក្លាយជាក្លិបទី៣០របស់ Abreu។ គេបានចាប់ផ្តើមអាជីពនៅ Defensor Sporting ក្នុងឆ្នាំ ១៩៩៤ ឯស្រុកកំណើត។ ក្រុមចុងក្រោយបង្អស់របស់ Abreu គឺ Boston River ដែលគេបានលេងក្នុងនាមជាកីឡាករ និងគ្រូបង្វឹក។
នៅឆ្នាំ ២០១៧ បន្ទាប់ពីបានចូលរួមជាមួយក្លិប Audax Italiano របស់ឈីលី Abreu បានបង្កើតកំណត់ត្រាក្នុងបញ្ជីស្ថាប័ន Guinness សម្រាប់កីឡាករបាល់ទាត់លេងច្រើនក្លិបជាងគេបំផុតក្នុងប្រវត្តិសាស្ត្រលើសអតីតអ្នកចាំទីជនជាតិអាល្លឺម៉ង់ គឺលោក Lutz Pfannenstiel ដែលលេងបាន២៥ក្លិប។ ចាប់ពីឆ្នាំ២០១៧ ចំនួនក្លិបរបស់ Abreu ក៏ចេះកើនឡើងថែមទៀត។
បន្ទាប់ពីការលេងអស់រយៈពេល២៧ឆ្នាំ Abreu បានឆ្លងកាត់ជាង១០ប្រទេសផ្សេងគ្នារួមមានអេស្ប៉ាញ, អាហ្សង់ទីន, ម៉ិកស៊ីកូ, ក្រិក, អេក្វាឌ័រ, អ៊ីស្រាអែល, ប្រេស៊ីល, ប៉ារ៉ាហ្គាយនិងឈីលី ជាដើម។ ខ្សែប្រយុទ្ធជើងចាស់រូបនេះរកបាន ៣៤៩ គ្រាប់ក្នុងការបង្ហាញខ្លួន ៧១៧ ដង៕