Ole Gunnar Solskjaer បំបែកភាពស្ងៀមស្ងាត់ជុំវិញចំណាប់អារម្មណ៍របស់បិសាចក្រហមចំពោះកីឡាករ Erling Haaland
(BC-99)
បន្ទាប់ពីមានពាក្យចចាមអារាមទាក់ទងនឹងចំណាប់អារម្មណ៍របស់បិសាចក្រហម Manchester United ចំពោះកីឡាករ Erling Haaland ទីបំផុតលោក Ole Gunnar Solskjaer បានចេញមុខស្រាយបំភ្លឺហើយចំពោះអនាគតរបស់កីឡាករវ័យ១៩ឆ្នាំរូបនេះ។
Solskjaer ធ្លាប់បានធ្វើការជាមួយ Haaland ក្នុងនាមជាគ្រូនិងសិស្សនៅក្លិបបាល់ទាត់ Molde កាលពីរដូវកាលមុនមុនពេលដែល Solskjaer បានផ្លាស់មកធ្វើការនៅ Manchester United ប៉ុន្តែគាត់ហាក់ដូចជាស្ទាក់ស្ទើរក្នុងការពិភាក្សាអំពីលទ្ធភាពនៃការចុះហត្ថលេខាជាមួយមិត្តខ្សែប្រយុទ្ធរូបនេះកាលពីដើមរដូវកាល។
Erling Haaland បានក្លាយជាកីឡាករដែលក្លិបធំៗកំពុងចាប់អារម្មណ៍បំផុតក្នុងពិភពបាល់ទាត់បន្ទាប់ពីបានស៊ុតបញ្ចូលទីចំនួន ២០ គ្រាប់មិនគួរឱ្យជឿក្នុងការប្រកួត ១៣ លើកប៉ុណ្ណោះអោយក្រុមជើងឯកអូទ្រីស Redbull Salburg នៅរដូវកាលនេះបន្ទាប់ពីគេបានផ្លាស់ចេញពី Molde កាលពីខែមករាកន្លងមក។
ប្រសិនបើ Manchester United ត្រូវការ Haaland មែនបានន័យថាពួកគេកំពុងតែចូលរួមប្រជែងជាមួយ អធិរាជស Real Madrid និងសូម្បីតែ Juventus និង Napoli ដែលគេបានស៊ុតចូលក៏មានចំណាប់អារម្មណ៍លើកីឡាករសញ្ជាតិណ័រវេយ៍ម្នាក់នេះដែរ។ ដើម្បីអោយអស់ចម្ងល់លោក Solskjaer បាននិយាយប្រាប់អ្នកសារព័ត៌មានថា “មានពាក្យចចាមអារាមជាច្រើនចំពោះក្រុមយើង កាលពីមុនគេបាននិយាយថា Kane ហើយឥឡូវចូលដល់ Erling។ សម្រាប់ខ្ញុំគឺវាមិទាន់ដល់ពេលត្រូវនិយាយអំពីកីឡាកររបស់ក្លិបផ្សេងណាម្នាក់ឡើយ!”។
ក្រុមបិសាចក្រហម Manchester United ត្រូវបានគេមើលឃើញពីភាពកំសោយបើទុកជាពួកគេបានប្រកួតឈ្នះ ៤-០ លើក្រុមតោខៀវ Chelsea នៅដើមរដូវកាលក៏ដោយ។ គេបានស្តីបន្ទោសលោក Ole Gunnar Solskjaer ដែលមិនបានដោះស្រាយវិបត្តិរបស់ក្លិបអោយបានទាន់ពេលវេលា។