សេន ប៊ុនថេន ថា ភ័យៗពេលកាន់ការងារថ្មីនៅសង្វៀនគុនខ្មែរ CBS
ធ្លាប់តែជាអ្នកប្រដាល់ដ៏អង់អាចលើសង្វៀន និងជាគ្រូបង្វឹកបណ្ដុះបណ្ដាលកូនសិស្សបានល្អៗ តែផ្ទុយទៅវិញ លោក សេន ប៊ុនថេន ថ្លែងថា មានអារម្មណ៍រាងភ័យៗខ្លះៗពេលទទួលការងារជាពិធីករ និងអ្នកវិភាគក្នុងកម្មវិធីគុនខ្មែរថ្មីមួយរបស់ CBS។ លោកថា បើពេលប្រកួតវិញមិនដែលភ័យទេ តែចំពោះតួនាទីថ្មី មានអារម្មណ៍ប្លែកៗ។
អតីតអ្នកលេងទម្ងន់ជើងខាងលើនឹងចាប់ដៃគូជាមួយលោក ស៊ីថូ ណាថាន់, លោក យ៉េន ម៉ៅ និងកញ្ញា ពេជ្រ ចរណៃ ជាអ្នកវិភាគផង និងពិធីករផងដើម្បីបង្ហាញកាន់តែលម្អិតពីសមត្ថភាពរបស់កីឡាករ។
សេន ប៊ុនថេន ថ្លែងថា មានអារម្មណ៍រីករាយដែរចំពោះការផ្ដល់ឱកាសពី CBS សម្រាប់ការងារថ្មីនេះ និងបានចាប់ដៃគូជាមួយពិធីករដែលមានបទពិសោធជោកជាំ។
គួរដឹងដែរថា លោក សេន ប៊ុនថេន បច្ចុប្បន្នកំពុងបង្ហាត់កីឡាករ កីឡាការិនីជម្រើសជាតិគុនខ្មែរត្រៀមទៅប្រកួតស៊ីហ្គេម នៅខែឧសភា ខាងមុខ។
ក្រុមហ៊ុនបណ្ដាញផ្សព្វផ្សាយកម្ពុជា ឬ CBS បានប្រកាសបើកកម្មវិធីប្រដាល់គុនខ្មែរថ្មីមួយដែលនឹងដំណើរការចាប់ពីថ្ងៃសុក្រ ទី០៤ ខែមីនា ឆ្នាំ២០២២ ដោយប្រព្រឹត្តទៅរៀងរាល់សប្ដាហ៍ ចាប់ពីម៉ោង៧យប់ដល់ម៉ោង៩យប់៕