
កីឡាករបាល់ទាត់ឡាវ៤៥នាក់រងបម្រាមមួយជីវិត
វិទ្យុជាតិឡាវបានផ្សាយនៅព្រឹកថ្ងៃចន្ទ ទី១០ ខែមករា ឆ្នាំ២០២២ នេះថា កីឡាករឡាវចំនួន៤៥នាក់ត្រូវបានសហព័ន្ធកីឡាបាល់ទាត់ពិភពលោកដាក់បម្រាមមិនឲ្យពាក់ព័ន្ធនឹងសកម្មភាពបាល់ទាត់អស់មួយជីវិត។
អ្នកនាង Kanya Keomany អគ្គលេខាធិការសហព័ន្ធបាល់ទាត់ឡាវ បានប្រកាសថា “៖ ពួកគេត្រូវបាន FIFA ព្យួរអស់មួយជីវិតបន្ទាប់ពីការស៊ើបអង្កេតលើការកំណត់លទ្ធផលទុកជាមុន។ វាបានកើតឡើងជាច្រើនឆ្នាំ និងមានករណីផ្សេងៗគ្នាជាច្រើនក្នុងការប្រកួតជើងឯកថ្នាក់ជាតិ។”
អត្តសញ្ញាណកីឡាករទាំង ៤៥នាក់ដែលត្រូវព្យួរនេះ មិនត្រូវបានគេបង្ហាញជាសាធារណៈទេ។ យ៉ាងណាមិញ ប្រភពខ្លះនិយាយថា បញ្ហានេះអាចប៉ះពាល់ដល់ការប្រកួតអន្តរជាតិផងដែរ។
នេះមិនមែនជាលើកទី១ទេដែលឡាវជួបបញ្ហាខាងលើ។ កន្លងមកកីឡាករជាច្រើនទាំងជម្រើសជាតិ និងមិនមែនជម្រើសជាតិបានរងបម្រាមអស់ពីជីវិតបែបនេះពាក់ព័ន្ធនឹងការគិតលទ្ធផលទុកជាមុន។ មិនតែប៉ុណ្ណោះសូម្បីមន្ត្រីបាល់ទាត់ឡាវក៏ធ្លាប់មានអ្នកទទួលរងបម្រាមពី FIFA ថែមទៀត៕